• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១២ ព្រឹក

ទីក្រុង៤របស់កម្ពុជាអាចក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក

ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង ត្រូវបានវាយតម្លៃថាអាចក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ TPO ដែលនឹងទទួលបានគុណប្រយោជន៍ច្រើន ផ្នែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។ ការវាយតម្លៃនេះត្រូវបាលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ក្នុងជំនួបជាមួយប្រតិភូក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី១៥ មិថុនា នៅសណ្ឋាគារសុខាភ្នំពេញ។ នាជំនួបនោះ លោក វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ទីក្រុងទាំងនោះក៏អាចក្លាយជាសមាជិកអង្គការ TPO បាន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបងជាដើម។

គុណប្រយោជន៍ដែលបានពីការចូលជាសមាជិកអង្គការ TPO នេះ នឹងជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងនោះទីកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។ លោកវូ ឃ្យុងហា បានបញ្ជាក់ទៀតថា អង្គការលោកនឹងអញ្ជើញតំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការ ដែលគ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។ ប្រសិនបើមានការវាយតម្លៃត្រឹមត្រូវគ្រប់លក្ខខណ្ឌ នោះទីក្រុងសំខាន់ៗរបស់កម្ពុជា នឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង។ គួរបញ្ជាក់ថា អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ TPO ត្រូវបានបង្កើតនៅឆ្នាំ២០២២ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនដែលបានចូលជាសមាជិកអង្គការ TPO ដូចជានៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត ខណៈប្រទេសខ្លះមានទីក្រុងលើសពី១០ដែលបានចូលជាសមាជិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ