• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៨ ល្ងាច

ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧”

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមនិងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃដំណាំស្វាយចន្ទីកម្ពុជា ដែលជាដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈ គុណភាព ការកែច្នៃ និងការនាំចេញដែលទទួលបានតម្លៃខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ការរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ពិតជាមានសារៈសំខាន់ ទើបក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន ៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា

គោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរចំពោះក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយនេះ និងបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០១៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាពិសេសកម្មវិធី CAPRED, កម្មវិធី CRAS របស់ GIZ, អង្គការ HEKs ប្រចាំនៅកម្ពុជា, Harvest III , CIRD, CPSA, បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយនេះបន្តទៀតផងដែរ។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម

ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សូមជម្រាបផងដែរថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ រួមមាន ទី១) លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង ទី២) ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥ភាគរយ

នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ និង ទី៣) ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។ ទន្ទឹមនឹងនេះ គោលនយោបាយជាតិនេះ បានកំណត់នូវយុទ្ធសាស្រ្តចំនួន ៣ រួមមាន ១-យុទ្ធសាស្រ្តនៃការផលិត ២-យុទ្ធសាស្រ្តនៃការកែច្នៃ និង៣-យុទ្ធសាស្រ្តនៃការនាំចេញ ដែលនៅក្នុងនោះបានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្ត។

 

តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ