• ច័ន្ទ ២៩ មេសា ២០២៤ ១០:២១ ព្រឹក

ក្រសួងរ៉ែនិងថាមពល​ រៀបចំវេទិកាផ្សព្វផ្សាយប្រកាស​ ស្តីពី​ "គោលការណ៍ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"​

ភ្នំពេញ​៖​ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងរ៉ែនិងថាមពល​បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស​ ស្តីពី​ "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"​ វេទិការចូលរួមនេះគឺមាន ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែនិថាមពល​ បានអញ្ជេីញជាគណៈអធិបតី ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជាអគ្គនាយកអគ្គិសនីកម្ពុជា​ ឯកឧត្តម​ យឹម​ វិសិដ្ឋ​ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ លោកស្រី​ Alissar Chaker ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ ប្រចាំកម្ពុជា​ និងឯកឧត្តម​ លោកជំទាវ​ តំណាងក្រសួងស្ថាប័នជាតិ​ ដៃគូអភិវឌ្ឍន៍​ អង្គការក្រៅរដ្ឋាភិបាល​ និងវិស័យឯកជនមួយចំនួនទៀត។ ក្រសួងរ៉ែ និងថាមពល បានអោយដឹងថា "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"​ នេះ​ គឺជាកិច្ចសហការរៀបចំឡេីងដោយក្រសួងរ៉ែនិងថាមពល​ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។

គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលេីកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មេីភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។ តាមយៈគោលការណ៍នេះ​ នឹងផ្តល់ការអនុញ្ញាតដល់ការស្នេីសុំដំឡេីងថាមពលពន្លឺព្រះអាទិត្យលេីដំបូលរបស់អ្នកប្រេីប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហេីយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រេីប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។ បន្ថែមពីការគ្រប់គ្រង​ និងជួយសម្រួលដល់អ្នកប្រេីប្រាស់នោះ​ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដេីម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ