• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៣ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកងទ័ពទាំងអស់ត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំ ឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអំពាវនាវកងទ័ពទាំងអស់ត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំ ឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ។

ពេលអញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ សម្តេចតេជោ ក៏បានអំពាវនាវកងទ័ពឱ្យពង្រឹង និងពង្រីកសមត្ថភាពកិច្ចការទាំងអស់ ដើម្បីកសាងប្រទេសឱ្យរីកចម្រើនដូចអរិយប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព ពីព្រោះជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេសការធ្វើឱ្យជីវភាព ប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល»។

បើតាមប្រសាសន៍សម្តេចតេជោ តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជាមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង។ ជាមួយនេះ ដោយមានការជួយជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យ កងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់ កងយោធពលខេមរភូមិន្ទ ដោយត្រូវបានលើកកម្ពស់សមត្ថភាពជាប្រចាំ  ហើយមានសមត្ថភាពឯកទេសជំនាញច្រើន ដែលអាច និងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់ សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ កងទ័ពយើង ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិល ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម»។

ជាងនេះទៀត សម្តេចតេជោ បានថ្លែងបន្តទៀតថា សមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយ កម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាត ពុំមានសន្តិសុខ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញ គោលដៅទេសចរណ៍ប្រកបដោយ ប្រជាប្រិយភាព ក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស ដែលបាន និង កំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែង ដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្ម សម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន ដូច្នេះយើងត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាព-រីកចម្រើនរុងរឿងដូចអារ្យប្រទេសនានា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ