• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៥ ព្រឹក

ជនជាតិចិន2នាក់និងខ្មែរម្នាក់ត្រូវបានឃាត់ ខ្លួនពាក់ព័ន្ធរៀបចំគម្រោងទម្លាក់បន្ទុកលើនារីចិនម្នាក់ថាប្រើប្រាស់និងជួញដូរគ្រឿង ញៀន

ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងនៅថ្ងៃទី 8 ខែមិថុនាឆ្នាំ 2023 នេះថា÷កម្លាំងអធិការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន2នាក់និងខ្មែរម្នាក់(អ្នកបកប្រែ)ពាក់ព័ន្ធរៀបចំគម្រោងការដាក់បន្ទុកលើនារីចិនម្នាក់ថាប្រើប្រាស់និងជួញដូរគ្រឿងញៀនដោយយកគ្រឿងញៀន2កញ្ចប់ដាក់ក្នុងបន្ទប់ណ្ឋាគារហើយណាត់ឲ្យនារីរងគ្រោះចូលទៅក្នុងបន្ទប់រួចទូរសព្ទប្រាប់សមត្ថកិច្ច។ប៉ុន្តែផែន ការរៀបចំគម្រោងចង់ឲ្យនារីរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារនោះមិនបានសម្រេចនោះឡើយបន្ទាប់ពីសមត្ថ កិច្ចសាកសួរនិងពិនិត្យទឹកនោមលើនារីរងគ្រោះមិនឃើញសារជាតិនោះឡើយ។ លោកឧត្តមសេនីយ៍ទួលជួនណារិន្ទបានថ្លែងបន្តថាជនសង្ស័យទាំង3នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមានឈ្មោះTang Zhang Weiហៅកឺកឺ,ឈ្មោះGao Ya Hongហៅអាហាវ,ឈ្មោះអេងភ័ក្រ្តា(អ្នកបែភាសាចិន)។

ដោយឡែកនារីរងគ្រោះជនជាតិចិនឈ្មោះLu Xiaoxin។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាយោងដំណើររឿងមុនពេលឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើនេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ4ដោយបានទទួលព័ត៌មានពីអ្នកបកប្រែភាសាចិនឈ្មោះត្រាបានឲ្យដឹងថាមានស្ត្រីជនជាតិចិនម្នាក់ប្រើប្រាស់គ្រឿងញៀននិងមានគ្រឿងញៀននៅក្នុងបន្ទប់។

ក្រោយទទួលព័ត៌មានលោកបញ្ជាកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងភ្លាមៗដែលស្ថិតនៅអគារព្រីនបន្ទប់លេខ 11 13 ក្រុមទី 6 ភូមិ 4សង្កាត់លេខ4ក្រុងព្រះសី ហនុនិងឆែកឆេរកឃើញគ្រឿងញៀនចំនួន2កញ្ចប់និងបាននាំខ្លួនឈ្មោះLu Xiaoxinភេទស្រីមកធ្វើការសាកសួររួចស្ត្រីនោះថាខ្លួនមិនចេះប្រើប្រាស់គ្រឿងញៀននិងមិនដែលរក្សាទុកគ្រឿងញៀនទេ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្ត្រីនោះទាំងម៉ាទឹកកក(Ice)និងកេតាមីន(Ke)ជាលទ្ធផល(អវិជ្ជមាន)ឃើញថាស្ត្រីនោះមិនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

ដោយប្រើប្រាស់វិធានការជំនាញសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបកប្រែនិងអ្នកពាក់ព័ន្ធ 2នាក់ផ្សេងទៀតដែលជាជនជាតិចិនដើម្បីធ្វើការសួរនាំទើបចុងក្រោយដឹងថាពួកគេរៀបចំគម្រោងធ្វើបាបលើឈ្មោះLu Xiaoxinដើម្បីឲ្យជាប់ពន្ធនាគារ។មូលហេតុដែលគេគម្រោងបែបនេះដោយសារជនរង គ្រោះនិងជនសង្ស័យឈ្មោះTang Zhang Weiធ្លាប់មានទំនាក់ទំនងជាមួយគ្នាលុះពេលបែកគ្នាជនរងគ្រោះទាមទារលុយច្រើនពេកទើបសម្រេចចិត្តរៀបចំគម្រោងនេះតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង3នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះ សីហនុបន្តស្រាវជ្រាវរកគ្រឿងញៀននិងចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ