• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៤ ព្រឹក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

នៅរសៀល ៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងនៅវិមានសន្តិភាព។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម

និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ