• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

រដ្ឋាភិបាល គ្រោងដាក់ឲ្យប្រើប្រាស់ការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់នូវការធានារ៉ាបរងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនថែមទៀត នៅពេលអនាគតខាងមុខ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២២កន្លងទៅនេះ បានមានប្រសាសន៍ថា គម្រោងដាក់ឲ្យប្រើប្រាស់ការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ចនេះ គឺតាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ជួយឲ្យពួកគាត់ទទួលបានសំណងសមស្របណាមួយសម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

ឯកឧត្តម បានបន្តថា ផលប្រយោជន៍ក្នុងការដំណើរការប្រព័ន្ធធានារ៉ាប់រងខាងលើនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់ឲ្យអនុវត្តប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលផងដែរ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្តជាអន្លើរតែទៅលើយានយន្តនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញប៉ុណ្ណោះ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់ប្រមាណ ៨% ក្នុងឆ្នាំ២០២០ និង១០% ក្នុងឆ្នាំ២០២១ ទោះក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

គួរបញ្ជាក់ថា បុព្វលាភដុលសរុបនៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ និងមានកំណើនប្រមាណ២០%ជាមធ្យម ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ