• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១០ ព្រឹក

យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់

ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។ បន្ទាប់ពីប្រារព្ធពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនានេះ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នៅរសៀលថ្ងៃដដែល។ នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study - FS) និងការអនុវត្តគម្រោងខាងលើជា ០២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។

គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ត្រូវមានការវិភាគសិក្សា និងគិតគូរឱ្យបានល្អិតល្អន់ជាទីបំផុត ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។ តាមការគ្រោងទុក មិនយូរជាងបំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ