• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៨ ព្រឹក

មន្ត្រី ក.ប.ប. ក្នុងរយៈពេល១សប្តាហ៍ បានរកឃើញ ដកហូត និងដុតកម្ទេចចោលផលិតផលសាច់បង្កកខូចគុណភាព ប្រមាណ ៦តោន

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ពោលគឺសប្តាហ៍ទី១នៃខែមិថុនា ឆ្នាំ២០២៣ នេះ អនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ មន្ត្រីនៃសាខា ក.ប.ប. ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រើយុទ្ធសាស្ត្រឃ្លាំមើល និងឃាត់ស្ទាក់មធ្យោបាយដឹកជញ្ជូននូវផលិតផលសាច់បង្កកដែលរួមស្លាបមាន់ចំនួន ១,៥០០គីឡូក្រាម ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿងសមុទ្រចំនួន ៤,៤៤១គីឡូក្រាម សរុបចំនួន ៥.៩៤១គីឡូក្រាម ដែលចរាចរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកនានាក្នុងខេត្តទាំងពីរខាងលើ។

មន្ត្រីជំនាញ ក.ប.ប. បានបញ្ញ្ជាក់ថា ក្រោយការត្រួតពិនិត្យ និងធ្វើតេស្តលើសំណាកគំរូសាច់បង្កកទាំងនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ទាំងពីរ បានពិនិត្យឃើញថាផលិតផលសាច់បង្កកទាំងនោះ សុទ្ធតែពុំមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស ដោយសារការរក្សាទុកពុំបានត្រឹមត្រូវ មានក្លិនស្អុយ មានបាក់តេរី និងពុំមានឯកសារនាំចូលទំនិញ ជាពិសេសវិញ្ញាបនបត្រអនាម័យ និងភូត្តគាមអនាម័យនោះទេ ដែលជាចុងក្រោយមន្ត្រីជំនាញ ក.ប.ប. និងអាជ្ញាធរពាក់ព័ន្ធបានឯកភាពដុតកម្ទេចចោលនូវផលិតផលសាច់បង្កកទាំងនោះនៅតាមទីតាំងដែលបានកំណត់រៀងខ្លួន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្ត ក៏ធ្លាប់ឃាត់ស្ទាក់បានរថយន្តដឹកផលិតផលសាច់បង្កកដែលមិនអនុលោមតាមបច្ចេកទេសក្នុងការរក្សាទុក បណ្តាលឱ្យខូចគុណភាព សរុបចំនួន ១,០៧៣គីឡូក្រាម ហើយបានធ្វើការដុតកម្ទេចចោលភ្លាមៗនាថ្ងៃបន្ទាប់ផងដែរ។

ជាមួយគ្នានេះដែរ សាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ បន្ទាយមានជ័យ រតនគិរី និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដែលទទួលបានអាណិត្តផ្តល់ដោយច្បាប់ បានបន្តឃ្លាំពិនិត្យទីផ្សារតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ។ ជាលទ្ធផល មន្ត្រី ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះពុំមានអនុលោមភាព សរុបចំនួន ១២១.៣៦គក រួមទាំងបង្គាមានចាក់ចាហួយ ចំនួន ៧.៧គក និងបានបន្តអប់រំដល់បងប្អូនអាជីវករអំពីច្បាប់ ដើម្បីឱ្យបានយល់ដឹង ចូលរួមអនុវត្ត និងជៀសផុតពីទណ្ឌកម្មនៃច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ