• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥១ ព្រឹក

រដ្ឋសម្រេចលើកលែងពន្ធអចលនទ្រព្យ នៅក្រុងបង្កើតថ្មីចំនួន៤ ក្នុងខេត្តកំពង់ស្ពី, កណ្ដាល និងកំពត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្ដកំពង់ស្ពឺ, ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្ដកណ្ដាល និងក្រុងបូកគោ នៃខេត្ដកំពត។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រការ១ ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានលើកលែងពន្ធ លើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្ដកណ្ដាល និងក្រុងបូកគោ នៃខេត្ដកំពត»

ក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់ ដែលស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ក្នុងករណីអចលនទ្រព្យ ស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើជាឥណទានយោង សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំបន្តបន្ទាប់។ ក្រសួងបន្ដទៀតថា ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យ ដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអចលន-ទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ