• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៣ ព្រឹក

សម្តេចក្រឡាហោម ស ខេង ៖ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាល បានសម្រេចកិច្ចការសំខាន់ជាច្រើនជូនប្រទេសជាតិ ធ្វើឱ្យមានកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានថ្លែងថាផ្អែកលើមូលដ្ឋានគ្រឹះនៃការរក្សាបានសុខសន្តិភាព ដែលជាកត្តាគន្លឹះធំបំផុត រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះសម្រេចបានសមិទ្ធផល និងស្នាដៃធំៗជាច្រើនជូនប្រទេសជាតិ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម ។ ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងយោធិន ក្នុងស្រុករុក្ខគិរី កាលពីចុងសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៣នេះនៅសាលាស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុករុក្ខគិរី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត ហើយក្នុងនោះក៏មិនអាចកាត់ផ្តាច់បាននូវការចូលរួមចំណែកដ៏ធំធេងរបស់និវត្តន៍ជន និងយោធិនក្នុងស្រុករុក្ខគិរី ដែលបានតស៊ូធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ។ សម្ដេចឧបនាយករដ្ឋមន្រ្តីស ខេង បានរំលេចឱ្យដឹងដែរថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយសូមអំពាវនាវបន្តចូលរួមថែរក្សាការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ