• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២១ ព្រឹក

សម្ដេច ហ៊ុន សែន ស្នើសុំឱ្យលុបនិងកុំចែកចាយបន្ត នូវបទ ៖ « មរណភាព ព្រះស្វាមី ជ័យវរ្មន័ ទី ៧ »

នៅយប់ថ្ងៃទី ៤ មិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងទាំងយប់ ស្នេីសុំដោយទទូចឱ្យអ្នកនាង មាស សុខសោភា លុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ » និង សុំអ្នកលេងបណ្តាញសង្គម កុំបន្តចែកចាយ។ តាមរយៈ​សារសំឡេងរបស់សម្តេច​ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម៖​ សូមផ្ញើជូនក្មួយស្រី មាស សុខសោភា ពេលនេះ ពូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបទចម្រៀងដែលក្មួយស្រីបានបង្ហោះទាក់ទិនទៅនឹង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងនាមពូជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពូស្នើសុំដោយទទូចចំពោះក្មួយស្រី ដកចេញជាបន្ទាន់អំពីហ្វេសប៊ុក ជាមួយនឹងការបង្ហោះនូវបទចម្រៀងនេះ។ តែនេះពិតជាធ្វើឲ្យមានការភាន់ច្រឡំដ៏ធំនូវប្រវត្តិសាស្ត្ររបស់ជាតិ ដែលនៅពេលនេះ នៅក្នុងប្រទេសរបស់យើងមានតែព្រះបាទជ័យវរ្ម័នទី៧មួយគត់ ដែលត្រូវបានគោរពនិងលើកតម្កើងយ៉ាងខ្ពស់ ប៉ុន្តែ ខ្លឹមសារនៃបទចម្រៀងបែរជាមានលក្ខណៈផ្ទុយស្រឡះ យើងមិនទាន់ធ្វើការវិនិច្ឆ័យអ្វីទាំងអស់ ក៏ប៉ុន្តែក្មួយស្រីហាក់ដូចជាលឿនពេក ដែលឆ្ងាយអំពីខ្លឹមសារដើម ឬក៏គ្មានឯកសារយោង។ សូមក្មួយស្រី បើទទួលបាននូវព័ត៌មាននេះហើយ គឺសុំដកចេញជាបន្ទាន់ ហើយសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ កុំចែករំលែកបន្ត ហើយមេត្តាលុបចោលនូវ បទចម្រៀងនេះជាបន្ទាន់សម្រាប់អ្នកទទួលបន្ត គឺមិនអាចនឹងធ្វើបែបនេះទៅបានទេ រឿងនេះគឺជារឿងដ៏ធំ ប្រសិនបើការអន្តរាគមន៍ ពីសំណាក់ជាន់ខ្ពស់ទេ ប្រហែលជាក្មួយស្រីគឺមិនទាន់ដកចេញ មិនអាចដកចេញទៀតផង។ តែពូសង្ឃឹមថាអន្តរាគមន៍របស់ពូ នឹងធ្វើឱ្យក្មួយស្រីដកចេញ ហើយចាំយើងនិយាយគ្នានៅពេលក្រោយ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមមើលធ្វើកិច្ចការងារនេះឲ្យបានម៉ត់ចត់ ដើម្បីធានាថាប្រវត្តិសាស្ត្ររបស់ជាតិ មិនត្រូវបានបំភ្លៃ ជាពិសេសប្រវត្តិសាស្ត្រទាក់ទងជាមួយនឹងព្រះបាទជ័យវរ្ម័នទី៧ សូមក្មួយស្រីយោគយល់ចំពោះជាតិសាសន៍របស់យើង មិនមែនចម្រៀងមួយបទនេះ អាចមកជំនួសប្រជាជន១៧លាននាក់ ដែលកំពុងតែធ្វើការគោរពចំពោះ ព្រះបាទជ័យវរ្ម័នទី៧នោះឡើយ សូមក្មួយស្រីទទួលនូវការរាប់អានខ្ពង់ខ្ពស់ពីខ្ញុំ។ សូមអរគុណ!។ សូមបញ្ជាក់និងជម្រាបផងដែរថា បទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ត្រូវបានលុបចេញពីលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការស្នើរសុំ និងត្រួតពិនិត្យពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ