• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៩ ព្រឹក

កម្ពុជា នឹងមានស្ថានីយថែទាំ និងជួសជុលយន្តហោះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែលនឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២៥

ក្រុមហ៊ុនសាងសាងអាកាសយានដ្ឋានអន្តរជាតិតេជោ Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) ដើម្បីបណ្តាក់ទុនរួមគ្នា ក្នុងការបង្កើតស្ថានីយថែទាំ និងជួសជុលយន្តហោះ ប្រចាំថ្នាក់តំបន់ ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបង្កើតឲ្យមានសេវាកម្ម line maintenance ដោយចាប់ផ្តើមពីធន់ស្រាល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចាប់ដំណើរការនៅ ដើមឆ្នាំ២០២៥ ស្របពេលនិងការចាប់ផ្តើមដំណើរការ របស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC បានមានប្រសាសន៍ថា ដោយមើលឃើញកម្ពុជា មានការអភិវឌ្ឍលឿន នៃសេដ្ឋកិច្ច-សង្គម ក្នុងរយៈពេលចុងក្រោយនេះ និងជាសមាជិករបស់អាស៊ានផងនោះ ទើបធ្វើឲ្យក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ក្នុងការបើកស្ថានីយថែទាំ និងជួលជុលយន្តហោះ នៅកម្ពុជា។ លោកបន្តថា ក្រុមហ៊ុន SIAEC មានបទពិសោធន៍ ផ្តល់សេវាថែទាំ និងជួលជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី និងនៅអាកាសយានដ្ឋានផ្សេងទៀត នៅលើពិភពលោក ហើយនឹងនាំមកនូវបុគ្គលិកពោរពេញដោយជំនាញ ដើម្បីផ្តល់ការថែទាំ និងជួសជុល ប្រកបដោយស្តង់ដារអន្តរជាតិ ដូចទៅនឹងនៅអាកាសយានដ្ឋានផ្សេងទៀត នៅលើពិភពលោក។ អ្នកឧកញ៉ាបណ្ឌិត ពុងឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានបង្ហាញជំនឿយ៉ាងមុតមាំថា ការនាំមកនូវជំនាញបចេ្ចកទេស និងការបំពេញការងារ អនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗ ដល់ទីផ្សារពលកម្មកម្ពុជាកាន់តែច្រើន។ សូមជម្រាបថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) សម្រេចបានការសាងសង់ ប្រមាណ៥០ភាគរយហើយ ដោយបាននិងសាងសង់នៅភាគខាងត្បូង រាជធានីភ្នំពេញ ចម្ងាយប្រមាណ ១៩គីឡូម៉ែត្រ ជាមួយគម្រោងសាងសង់សរុប ១.៥ពាន់លានដុល្លារអាមេរិក។

ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់ ៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗ គ្រប់ដណ្តប់លើផ្ទៃដីសរុប ២៦០០ហិកតា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ