• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥២ ល្ងាច

ក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមខ្លួនសហការជាមួយសាធារណរដ្ឋកូរ៉េក្នុងការជំរុញសេដ្ឋកិច្ចបៃតង

ប្រទេសកូរ៉េ៖ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៣ នៅសាថារណរដ្ឋកូរ៉េ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា តំណាង ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្នុងកម្មវិធីបណ្តាញបៃតងសកលកូរ៉េ ២០២៣ (Global Green Hub Korea 2023) ក្រោមអធិបតីភាព ឯកឧត្ដម ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណ:រដ្ឋកូរ៉េ ថា «ពិតមែនតែកម្ពុជាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសតាមរយៈការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ពិធីនេះក៏មានការចូលរួមពីតំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណជាង៤០០ នាក់។ ឯកឧត្តមប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់អំពីផែនការនានាដែលកំពុងអនុវត្ត សំដៅរជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ។

កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាស៊ានទី១ ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយគោលដៅជាក់លាក់ ក្នុងការសម្រេចបាននូវសមតុល្យសូន្យនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានចក្ខុវិស័យរួម គឺជាកត្តាចាំបាច់មួយដែលធានានូវជោគជ័យនៃការអភិវឌ្ឍបៃតង ហើយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេសឈានមុខមួយក្នុងវិស័យនេះ មានតួនាទីសំខាន់នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេសការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។

ឯកឧត្តម បានរំលេចនូវវឌ្ឍនភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ជាអាទិ៍ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ផែនទីបង្ហាញផ្លូវសម្រាប់ការប្រើប្រាស់និងផលិតកម្មប្រកបដោយនិរន្តរភាព គោលការណ៍ណែនាំនិងវិញ្ញាបនបត្រកម្មអគារបៃតង។ល។ ឯកឧត្តមបានលើកទឹកចិត្តឲ្យមានការគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីភាគីកូរ៉េខាងត្បូង ជាពិសេសតាមរយៈការវិនិយោគឯកជន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅកម្ពុជា ក្នុងវិស័យគ្រប់គ្រង និងកែច្នៃសំណល់ ថាមពលនិរន្តរភាព ដំណោះស្រាយផ្អែកលើធម្មជាតិ គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង សហគ្រិនភាពបច្ចេកវិទ្យាបៃតង ការអភិវឌ្ឍធនធានមនុស្ស និងការទូតបៃតង។ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយដ៏រឹងមាំ និងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកប្រកបដោយវិបុលភាព បរិយាបន្ន មាធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ