• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៩ ព្រឹក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦៦គ្រួសារ រស់នៅស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តកំពត

សាខាកក្រក ខេត្តកំពត ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែ ឧសភា ឆ្នាំ២០២៣ នេះលោកជំទាវវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦៦គ្រួសារ រស់នៅក្នុងឃុំចំនួនពីរគឺ ឃុំបន្ទាយមាសខាងកើត៥៧គ្រួសារ និងឃុំត្រពាំងសាលាខាងកើត៩គ្រួសារ នៃស្រុកបន្ទាយមាស ( ក្នុងនោះរងគ្រោះស្រាលចំនួន៦៣គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ) ពិធីនេះរៀបចំធ្វើឡើងក្នុងបរិវេណវត្តអង្គជ្រៃ (ហៅវត្តពេជ្ជនា)ស្ថិតនៅក្នុងភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលធ្វើឱ្យខូចខាតផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ

ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងកុំឲ្យក្មេងតូចៗចេញពីផ្ទះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់គ្នា ។

អំណោយផ្តល់ជូនរួមមាន ៖

-គ្រួសាររងគ្រោះស្រាល ចំនួន៦៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និងថវិកា៥ម៉ឺនរៀល។

- គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កៅស៊ូតង់១ដុំ និងថវិកា២០ម៉ឺនរៀល។ សូមបញ្ជាក់ថា លោកជំទាវ ព្រមទាំងប្រតិភូរួមដំណើរបានអញ្ជើញប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ២កេស និងបច្ច័យមួយចំនួនផងែរ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ