• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៤ ល្ងាច

ប្រមុខរាជរដ្ឋាភិបាលប្រកាសផ្តល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីដែលមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីពេលពពោះ រហូតដល់កូនអាយុ២ឆ្នាំ បន្ថែមលើអ្វីដែលធ្លាប់បានផ្ដល់ជូននាពេលកន្លងមក រួមទាំងថវិកាឧបត្ថម្ភផ្សេងៗរបស់សម្ដេចផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបីរួមគ្នា នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ ញ ពីនយោបាយខ្សែក្រវាត់ និងផ្លូវ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បន្ថែមគោលនយោបាយគាំពារសង្គមជូនកម្មការិនីមានផ្ទៃពោះទៀតនេះ មិនធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាដួលរលំនោះឡើយ ប៉ុន្ដែផ្ទុយទៅវិញ បានផ្ដល់ឱកាសសម្រាប់កម្មការិនីមានសុខភាពល្អ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ។ អញ្ចឹងខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្មការិនី ដែលមានប័ណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពដោយមិនគិតលុយ តែនៅពេលក្រោយការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញ ម្ដង៤ម៉ឺនរៀល ខណៈសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឲ្យបានច្រើនជាងនេះ។ បើតាមសម្ដេចតេជោ, គោលនយោបាយនេះក៏ត្រូវបានអនុវត្តរួចរាល់ហើយផងដែរ ទៅលើអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសិករមួយចំនួន។ ស្របពេលជាមួយការប្រកាសនេះ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ចំនួនកម្មការិនីដែលមានផ្ទៃពោះ អាចមានចំនួន១០ភាគរយ នៃកម្មការិនីសរុបប្រមាណជាង១លាន២សែននាក់ប៉ុណ្ណោះ។ ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារនេះភ្លាមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ យោងតាមអ្វីដែលធ្លាប់អនុវត្ត បានឲ្យដឹងថា សរុបតាំងពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ កម្មការិនីម្នាក់នឹងត្រូវទទួលបានការឧបត្ថម្ភថវិកា សរុប៧៦ម៉ឺនរៀល។ សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានឲ្យដឹងថា ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ