• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៧ ព្រឹក

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងការបរទេសឥណ្ឌា បានចុះMoU ស្តីពីគម្រោងសម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងឯកឧត្តមរដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូចសម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកជំទាវ Dr. Devyani Khobragade បានមានប្រសាសន៍ថា នេះជាគម្រោងស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលរដ្ឋាភិបាលឥណ្ឌាបានជួយគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមកមានចំនួន១៨ប្រទេសរួចហើយដែលបានទទួលមូលនិធិនេះ។ ជាមួយគ្នានេះដែរ តាងនាម ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ទិន ពន្លក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីចូលរួមអនុវត្តគម្រោងនេះហើយជាផ្នែកមួយក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវរបាយការណ៍ស្តីពីការចូលរួមចំណែកជាតិ និងយុទ្ធសាស្រ្តរយៈពេលវែងអព្យាក្រឹត្យកាបូន ជាដើម។

សូមបញ្ជាក់ថាអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំនួន២០រូប។ ការអនុវត្តគម្រោងខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន ជាមួយនឹងលទ្ធផលភ្លាមៗនិងអាចមើលឃើញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ជាពិសេសប្រជាជន និងអ្នកទេសចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ