• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤០ ព្រឹក

ពិព័រណ៍សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មិនអចិន្ត្រៃ ចំនួន១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សៀមរាប៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង​ទើបរកឃើញពីកំណាយស្រាវជ្រាវ​នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍​ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ​តំបន់ភ្នំគូលែនផងដែរ។

សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។

សាធារណជន ក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។ សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា។ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ