ក្រសួងអប់រំ នឹងបើកទ្វារឲ្យសិស្សចូលរៀនឡើងវិញនៅថ្ងៃទី ១៩ ឧសភា បន្ទាប់ពីឈប់វិស្សមកាលធំជិត ១ ខែ
ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកទ្វារឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខតទៅ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលធំអស់រយៈពេលជិត ១ ខែរួចមក។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ឧសភានេះថា តាមសេចក្ដីណែនាំរបស់ក្រសួង សិស្សានុសិស្ស នឹងត្រូវចូលរៀនឡើងវិញនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីបានឈប់សម្រាកវិស្សមកាលធំ ចាប់ពីថ្ងៃទី២០ ខែមេសា មក។ លោកបានបន្តថា ការឈប់សម្រាកវិស្សមកាលធំចាប់ពីថ្ងៃទី ២០ មេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីចូលរួមសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងអនុញ្ញាតឲ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ លោក រស់ សុវាចា បានណែនាំដល់សិស្សានុសិស្ស ពិសេសសិស្សត្រៀមប្រឡងដូចជាថ្នាក់ទី ៩ និងទី ១២ ត្រូវខិតខំរៀនសូត្រ ព្រោះប្រឡងឆមាសលើទី ១ នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះហើយ ក្នុងនោះសម្រាប់សិស្សថ្នាក់ទី ១២ ត្រូវប្រឡងឆមាសទី ១ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែឧសភា និងប្រឡងឆមាសលើកទី ២ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ និងប្រឡងបាក់ឌុបថ្ងៃទី ៦ វិច្ឆិកា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ វិច្ឆិកា។ លោកបានបន្តទៀតថា ចំណែកសិស្សថ្នាក់ទី ៩ នឹងត្រូវប្រឡងឆមាសលើកទី ១ ចាប់ពីថ្ងៃទី ២៩ ឧសភាដល់ថ្ងៃទី ០៣ មិថុនា និងប្រឡងឆមាសលើកទី ២ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០២៣ និងប្រឡងឌីប្លូម នៅថ្ងៃទី ២ តុលា និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕