• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៩ ព្រឹក

មន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់នៅក្នុងផ្សារបានលុង ខេត្តរតនគីរី

ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។ ឯកឧត្តមបានថ្លែងថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន ១) សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម​ ២)សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ ​គីឡូក្រាម​ និង ៣) សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។

រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។

ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។ ឯកឧត្តម នេត្រ​ ភក្ត្រា ថ្លែងកោតសរសើរចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឱ្យគង់វង្ស។ សូមគូសបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង​ និងអង្គការដៃគូរួមមានសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការ មូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF), USAID, អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) , អង្គការអភិរក្សអន្តរជាតិ (CI), មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB), អង្គការមូលនិធិ MJP, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការជីវិតធម្មជាតិ (Nature life), អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ