• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៣ ព្រឹក

ក្រសួងធនធានទឹកប្រាប់ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គប្រុងប្រយ័ត្ននឹងទឹកជំនន់

ភ្នំពេញ៖មន្ត្រីជំនាញផ្នែកបច្ចេកទេសណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងព្រែកនិងទន្លេមេគង្គបង្កើនការប្រុងប្រយ័ត្ននិងប្រាប់ឲ្យអាជ្ញាធរត្រៀមបង្ការនិងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកើតមានឡើងដោយជាយថាហេតុនាចុងរដូវវស្សានេះខណៈកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខពស់ជាងឆ្នាំមុនរហូតដល់ជិត២ម៉ែត្រ។

ក្នុងពេលដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យស្ថានភាពទឹកនិងប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តកំពង់ចាមលោកឈាប៊ុនរិទ្ធអគ្គនាយកកិច្ចការបច្ចេកទេសបានឲ្យដឹងថាគិតត្រឹមពេលនេះស្ថានភាពទឹកទន្លេមេគង្គមានកម្ពស់៨,៣៨ម៉ែត្របើធៀបនឹងឆ្នាំមុនកម្ពស់ត្រឹមតែ៦,៤៦ម៉ែត្រខុសគ្នាជិត២ម៉ែត្រ(១,៩២ម៉ែត្រ)។ ស្ថានទឹកក៏កំពុងហក់ឡើងចូលព្រែកមួយចំនួនរីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្ត្រកំពុងតែទទួលបរិមាណទឹកភ្លៀងដែលធ្លាក់រាយប៉ាយស្ទើរបានពេញទាំស្រុងដែលមានលក្ខណៈល្អប្រសើរសម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ។


ទោះជាយ៉ាងណាអគ្គនាយកកិច្ចការបច្ចេកទេសក៏បានផ្តាំផ្ញើតាមរយៈប្រធានមន្ទីរខេត្តឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកនិងដងទន្លេមេគង្គបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយស្ថានការហក់ឡើងនៃទឹកទន្លេមេគង្គនិងទឹកភ្លៀងនាពេលបច្ចុប្បន្ននិងពេលខាងមុខនេះផងដែរ។ ទោះបែបនេះក្តីលោកាឈាប៊ុនរិទ្ធក៏បានបញ្ជាក់ដែរថាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងបរិមាណទឹកតាមទំនប់អាងទឹកនីមួយៗដោយបានចាត់ឲ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំសម្រាប់បញ្ជាការបិទ_បើកទ្វារទឹកក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបក៏ដូចជាការត្រៀមបង្ការនិងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកើតមានឡើងជាយថាហេតុនាចុងរដូវវស្សានេះ។


បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថាចាប់ពីថ្ងៃទី២០_២៦ខែកក្ដដាកម្ពុជាបន្តរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធដែលឥទ្ធិពលនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។កត្តាដែលកម្ពុជាបន្តមានភ្លៀងធ្លាក់ជាប់ៗគ្នាបែបនេះបានបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនតួយ៉ាងនៅថ្ងៃទី២២ខែកក្កដាកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានក្រាំងពន្លៃចន្លោះពីគីឡូម៉ែត្រលេខ៤០_៤១បានរងនូវការជន់លិច។ជំនន់ជន់លិចកំណាត់ផ្លូវនេះកើតឡើងដោយសារតែការបើកសន្ទះទឹកចេញមកពីអាងស្តុកទឹកអន្លង់ជ្រៃខេត្តកំពង់ស្ពឺក្រោយមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាមកនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ