• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១២ ល្ងាច

គុនខ្មែរ បានដាក់បញ្ជូល ទៅក្នុងកីឡាអាស៊ាន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅល្ងាចថ្ងៃទី១១ខែឧសភា មានប្រសាសន៍បញ្ជាក់ថា គុនខ្មែរ ត្រូវបានដាក់បញ្ជូល ទៅក្នុងកីឡា អាស៊ាន ដោយស្របច្បាប់។ ចាប់ពីពេលនេះតទៅគុនខ្មែរ ចាប់ផ្តើមល្បី នេះជាមោទនភាពរបស់ជាតិ ចំពោះគុនខ្មែរ "ខ្មែរធ្វើបាន"។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កីឡាករ កីឡាការិនីកម្ពុជា បានប្រកួតគុនខ្មែរឈ្នះ បានចំនួន១៤មេដាយមាសក្នុងចំណោម ១៩មេដាយមាស។ "យើងយកបាន១៤មេដាយមាស លើសពាក់កណ្តាល ជាជោគជ័យ ជាមោទនភាព។ យើងបានខិតខំដាក់បញ្ចូលគុនខ្មែរ ទៅក្នុងក្រុមប្រឹក្សាកីឡាអាស៊ី អាគ្នេយ៍ ដើម្បីឲ្យស្របតាមធម្មនុញ្ញកីឡាអាស៊ាន លើកនេះយើងសម្រេចជោគជ័យហើយ"។ នេះជាប្រសាសន៍សម្តេច។ សម្តេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា "ឆន្ទៈរបស់យើងចង់បញ្ជាក់ប្រាប់ពិភពលោក ឲ្យឃើញកាន់តែច្បាស់ថា នូវអ្វីដែលជាការខិតខំប្រឹងប្រែង ក្រោមសុខសន្តិភាព គឺយើងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកនេះ បានរៀបចំទៅដោយរលូន ធានាបានសុខសុវត្ថិភាពដល់កីឡាករ កីឡាការិនី បរទេសមិត្តភក្តិ មកចូលរួមការប្រកួត គឺយើងបានបំពេញដោយការទទួលខុសត្រូវ និងមានមោទនភាព"។ ឆ្លៀតឱកាសនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមការងារផ្សេងៗទៀត ដែលបានចូលរួមរៀបព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដំណើរបានយ៉ាងល្អ។ សូមបញ្ជាក់ថា ការប្រកួតគុនខ្មែរ នៅថ្ងៃនេះ ត្រូវបានបិទបញ្ចប់ការប្រកួត ខណៈដែលកីឡាករ កីឡាការិនីគុនខ្មែរ របស់កម្ពុជា បានទទួលមេដាយមាស១៤/១៩ មេដាយមាស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ