• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤២ ព្រឹក

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដោយ

នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល ដោយគោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ យោងតាមលិខិតមួយ ដែលបានផ្សព្វផ្សាយជាសាធារណៈល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ភក្តីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវ ឲ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ។ល។ បន្ទាប់ពីខ្ញុំបាទបានប្រកាសលាលែងតំណែង ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។ ខ្ញុំសូមគោរពទទួលយក នូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមធ្វើការអំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មី សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល»។

គួរជម្រាបថា នៅរសៀលថ្ងៃទី៨ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។ ការប្រកាសអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ គឺបន្ទាប់ពីឯកឧត្តមសៅ សុខ បានប្រកាសលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសារក្រុមបាល់ទាត់ជម្រើសជាតិរបស់កម្ពុជាមិនទទួលបានជោគជ័យក្នុងការបន្តដំណើរទៅកាន់វគ្គចែកពូល។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ចាប់តាំងពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឲ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងមានលទ្ធផលមិនទាន់ដូចការចង់បានយ៉ាងណាក្ដី។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា បច្ចុប្បន្នកីឡាបាល់ទាត់កម្ពុជា បានដើរចេញឆ្ងាយពីចំណុចដែលយើងមិនទាន់មានកាលពីពេលមុន។ សម្ដេចបានបញ្ជាក់ទៀតថា មានប្រទេសច្រើនណាស់ ដែលកីឡាបាល់ទាត់មិនអាចទទួលបានលទ្ធផលល្អ បើទោះបីប្រទេសនោះ មានប្រជាជនដល់ជាង១ពាន់លាននាក់ រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ ខណៈកម្ពុជាមានប្រជាជនជាង១៧លាននាក់ យើងធ្វើបានកម្រិតនេះ គឺជាការល្អណាស់ហើយសម្រាប់ប្រជាជនកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ