• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៩ ព្រឹក

សម្ដេចតេជោ ស្នើឱ្យឡាវរួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគឱ្យកាន់តែច្រើន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នៅវិមាន​សន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី ​នាព្រឹកថ្ងៃទី៤ ខែឧសភា ខណៈឯកឧត្តម ​បានអញ្ជើញមក​បំពេញទស្សនកិច្ចផ្លូវរដ្ឋតបតាមការយាងពីព្រះមហាក្សត្រកម្ពុជា ​ដើម្បីចូលរួមបើកការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ នៅនៅល្ងាចថ្ងៃស្អែកនេះ។ នៅក្នុងជួបទ្វេភាគីរវាងសម្តេចតេជោ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត សម្ដេចតេជោ ក៏បាន​ស្នើ​ឱ្យភាគីឡាវរួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀង​មិនយកពន្ធត្រួតគ្នា​ដើម្បីជំរុញការវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ឱ្យដឹងថា ​ក្នុងជំនួបទ្វេភាគី ឯកឧត្តម ថងលុន ស៊ីសូលីត​ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តមមកចូលរួម ក្នុងពិធីបើកកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំ​ដ៏ល្អរបស់​កម្ពុជា។

ឯកឧត្តម ថងលុន ស៊ីសូលីត ​មានជំនឿជឿជាក់ថា កម្ពុជា និងទទួលបាន ជោគជ័យ​និង​មេដាយមាសច្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយឡាវដ៏ធំធេង ​នឹងដ៏ថ្លៃថ្នូរកន្លងមក​ រួមទាំងវិស័យសុខាភិបាល​ វិស័យសេដ្ឋកិច្ច ។ ឯកឧត្តម ​បានមានប្រសាសន៍បន្តថា ​ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុង តែស្ថិតដល់ចំណុច​កំពូល ហើយៗអ្វីដែលត្រូវធ្វើបន្តគឺ រួមគ្នាបន្តសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈាន​ឆ្ពោះឡើង​មួយកម្រិតទៀត តាមរយៈរួមគ្នា​ អនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ច​សហប្រតិបត្តិការ ដទៃបន្ថែមទៀត ​ដូចជាវិស័យទេសចរណ៍ ​វិនិយោគ វិស័យសន្តិសុខរួមគ្នា​ដោះស្រាយ គ្រោះមហន្តរាយ ជាយថាហេតុ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តមថងលុន ស៊ីសូលីត ដែលបានទទួល​ ការអញ្ជើញមកចូលរួមបើកកីឡាស៊ីហ្គេមលើកទី៣២ ។

សម្តេច ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសូលីត លើទំនាក់ទំនងរវាង​ប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត ​ហើយលើសពីនេះទៀតសម្ដេចតេជោ ​បានស្នើសុំឲ្យភាគីឡាវរួមគ្នាពិនិត្យលើ​ការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ​ដើម្បីធ្វើយ៉ាង​ណាជំរុញការវិនិយោគ​រវាង​ប្រទេសទាំងពីរ ​ឱ្យបានកាន់តែច្រើន​ឡើងថែមទៀត។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ​ថងលុន ស៊ីសូលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព ​និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែង ដើម្បីផល​ប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ