• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៩ ព្រឹក

IMF៖ កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតទី ២នៅអាស៊ាន និងទី ១៤ នៅក្នុងពិភពលោក នៅឆ្នាំ ២០២៣នេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៥,៨% នៅឆ្នាំ ២០២៣ ដែលស្ថិតក្នុងចំណោមប្រទេសមានសម្ទុះកំណើនខ្ពស់បំផុតលំដាប់ទីពីរនៅអាស៊ាន ដែលស្មើនឹងប្រទេសវៀតណាម និងបន្ទាប់ពីប្រទេសហ្វីលីពីន និងជាប់ចំណាត់ថ្នាក់ទី ១៤នៅលើពិភពលោក។ IMF ក៏បានព្យាករណ៍ថា កំណើន GDP របស់កម្ពុជា នឹងងើបឡើងដល់ ៦,២% នៅឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់ជាងគេទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសវៀតណាម ដែលរំពឹងថា នឹងមានកំណើន ៦,៩% ខណៈសេដ្ឋកិច្ចហ្វីលីពីនបានថមថយកំណើនពី ៦% ក្នុងឆ្នាំ ២០២៣ មក ៥,៨% សម្រាប់ឆ្នាំ ២០២៤។ IMF បានបញ្ជាក់ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រ ទេសចិនដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដែលរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៅអាមេរិក និងអឺរ៉ុប។ លោក Krishna Srinivasan នាយកទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APD) នៃ IMF បានឱ្យដឹងនៅក្នុងវេទិកាទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៣ ខែមេសា ថា ការបើកដំណើរការឡើងវិញនៃប្រទេសចិននឹងផ្តល់សម្ទុះថ្មី ខណៈបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនផ្សេងទៀតនៅក្នុងតំបន់កំពុងស្ថិតលើផ្លូវដើម្បីទទួលបានកំណើនរឹងមាំ ទោះបីករណីខ្លះមានអត្រាទាបជាងឆ្នាំមុនក៏ដោយ។ លោកបានបន្តថា បណ្ដាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងជាមួយប្រទេសចិននឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ពីប្រទេសចិនក៏នឹងទទួលអត្ថប្រយោជន៍ច្រើនផងដែរ។ យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ IMF ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ខែមេសានេះ បានព្យាករថា បណ្តាប្រទេសដែលមានល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង ១៥ នៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៣នេះ ក្នុងនោះរួមមាន៖ ១. ប្រទេស ហ្គីយ៉ាណា ៣៧,២%, ២. លីប៊ី ១៧,៥%, ៣.សាធារណរដ្ឋប៉ាឡូ ៨,៧%, ៤. សេនេហ្គាល់ ៨,៣%, ៥. ម៉ាល់ឌីវ ៧,២%, ៦. ហ្វីជី ៧%, ៧. ឥណ្ឌា ៦,៨%, ៨. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៦,៣%, ៩. កូឌីវ័រ ៦,២%, ១០. រវ៉ាន់ដា ៦,២%, ១១. អេត្យូពី ៦,១%, ១២. ហ្វីលីពីន ៦%, ១៣. បេណាំង ៦%, ១៤. កម្ពុជា ៥,៨% និង ១៥. វៀតណាម ៥,៨%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ