• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៦ ល្ងាច

កម្ពុជា ប្រមូលចំណូលសារពើពន្ធបានជាង ១,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣

រាជរដ្ឋាភិបាល ប្រមូលចំណូលពីសារពើពន្ធ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជាង ១,៩ពាន់លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ បើតាមទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ ការប្រមូលចំណូលសារពើពន្ធទូទាំងប្រទេសសម្រេចបាន ១៩០៨លានដុល្លារ ក្នុងនោះចំណូលពន្ធដារ មានចំនួន ១៣៤៣,៩ លានដុល្លារ កើន ៦,៤ ភាគរយ។ ចំណែកចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺមានប្រមាណ ៥៦៤,១លានដុល្លារ ថយចុះ ៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខទឹកប្រាក់ដែលអង្គភាពពន្ធដារប្រមូលបានក្នុងត្រីមាសទី ១ គឺស្មើនឹង ៣៧,៦៣ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ខណៈដែលអង្គភាពគយ និងរដ្ឋាករកម្ពុជា បានប្រមាណ ២០,៥ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើតាមឯកសារនិន្នាការសេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច គឺនៅក្នុងឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចចំនួន ១៣២ កើនឡើង ២៤ គម្រោងធៀបឆ្នាំ ២០២១។ ទុនវិនិយោគសរុបរបស់គម្រោងទាំងនេះគឺមានចំនួន ៣ ២៣០ លានដុល្លារ កើនឡើង ៨៧,៩ ភាគរយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ