• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣២ ព្រឹក

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាមជាង ២៣ម៉ឺនតោន បានចំណូលជាង ៣០០លានដុល្លារ

រយៈពេល៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ១២.៩៥% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ នេះបើយោងតាមរបាយការណ៍ សមាគមស្វាយចន្ទីកម្ពុជា។ លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា នៅថ្ងៃទី១៨ ខែមេសានេះ មូលហេតុនៃការនាំចេញធ្លាក់ចុះនេះ ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើម នៅចុងខែមីនាមានការធ្លាក់ចុះ ខណៈអ្នកមានឃ្លាំងមួយចំនួនធំៗ បានហាលទុក បញ្ចេញលក់នៅពេលក្រោយ។ លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះគ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀល និងតម្លៃគ្រាប់ស្ងួត ចន្លោះពី ៦០០០ រៀលទៅ ៧០០០ រៀល។

លោកបានគូសបញ្ជាក់ថា «តម្លៃគ្រាប់សើមនៅឆ្នាំ២០២៣ មានស្ថិរភាពជាងរាល់ឆ្នាំ ដោយចាប់ពីចុងខែមករា ដល់ពាក់កណ្តាលខែមីនា តម្លៃចន្លោះពី ៥២០០ រៀល ទៅ៦២០០ រៀល ។ ប៉ុន្តែចាប់តាំងពីថ្ងៃ១៨ ខែមីនា មកតម្លៃបានធ្លាក់ចុះបន្តិចមក ៥០០០រៀលដល់ ៤០០០រៀល ក្នុងមួយគីឡូក្រាម។ សមាគមស្វាយចន្ទីកម្ពុជា លើកទឹកចិត្តដល់ម្ចាស់ចម្ការ ដែលជាសមាជិករបស់សមាគមទាំងអស់ ឈប់លក់គ្រាប់សើម ហើយហាលទុកលក់នៅអំឡុងខែសីហា ដែលសមាគមរំពឹងថា តម្លៃនឹងកើនឡើង»។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការព្រួយបារម្ភ ចំពោះកសិករមួយចំនួន ដែលមិនទាន់បានប្រមូលផលអាចនឹងរងការខាតបង់ធ្ងន់ធ្ងន់ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ខណៈ ចាប់ពីដើមខែមេសាមកមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំង ដែលធ្វើឱ្យជ្រុះក្តឹប។ បើតាមសមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេលបីខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ឆៅបានប្រមាណជាង ២៦ម៉ឺនតោន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ