• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៧ ល្ងាច

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រកាសថាឆ្នាំនេះរន្ទះថយចុះប្រហែល៤០%

ភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថារន្ទះឆ្នាំនេះថយចុះប្រហែល៤០%ធៀបនឹងឆ្នាំមុនដូច្នេះមហន្តរាយដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋសត្វក៏មានការថយចុះទៅតាមនោះដែរ។អ្វីដែលសំខាន់ជាងនេះទៅទៀតគឺប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតនៅពេលមានភ្លៀងផ្គររន្ទះ។


យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះគ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៦១លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន៣២នាក់ស្ត្រី៨នាក់រងរបួស២៨នាក់ងាប់គោក្របីចំនួន៦៩ក្បាលនិងខូចខាតផ្ទះចំនួន១១ខ្នង។


ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែឆ្នាំ២០២១កន្លងទៅឃើញថាមានការថយចុះរហូតដល់៤០%ខណៈ៦ខែឆ្នាំមុនមានរន្ទះបាញ់បានកើតឡើងចំនួន៧០លើកខូចខាតផ្ទះ៥ខ្នងបណ្តាលឲ្យមនុស្សស្លាប់ចំនួន៥៩នាក់រងរបួស៤៤នាក់និងងាប់គោក្របីចំនួន៣២ក្បាល។ប៉ុន្តែបើធៀបនឹង៦ខែឆ្នាំ២០២០មានការកើនឡើងវិញដែលមានករណីរន្ទះបាញ់កើតឡើងចំនួន៦១លើកខូចខាតផ្ទះ៩ខ្នងបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៩នាក់រងរបួស២១នាក់និងងាប់គោក្របី
ចំនួន៤៥ក្បាល។

លោកសុទ្ធគឹមកុសលមុនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋតរូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះដើម្បីកាត់បន្ថយការរងគ្រោះនិងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។លោកថាក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះនៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញឹកញាប់ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀតជាពិសេសបំពាក់នៅខេត្តចំនួន៣មុនគេដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន៖ខេត្តសៀមរាបពោធិ៍សាត់និងខេត្តបាត់ដំបង។ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះគណៈកម្មាធិការជាតិគ្រោះមហន្តរាយត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ពិសេសស្វែងរកថវិកាពីដៃគូក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ។លោកសុទ្ធគឹមកុសលមុនីបានបន្ថែមថានាពេលឆាប់ៗខាងមុខនេះក្រុមការងារគណៈកម្មាធិការជាតិគ្រោះមហន្តរាយនឹងចុះទៅសិក្សានៅខេត្តសៀមរាបពោធិ៍សាត់និងបាត់ដំបងដើម្បីពិនិត្យមើលនិងវាយតម្លៃពីតម្រូវការជាក់ស្តែងដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ