• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៤ ព្រឹក

លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកកងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

បាត់ដំបង៖​​ លោកទេសរដ្ឋមន្រ្តី លី ធុជ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៩កងអនុសេនាតូច របស់កងទ័ពជើងគោក ដែលបានប្រព្រឹត្តិទៅនៅសាលាពលទាហានទី៥ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងនិងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក មេបញ្ជាការរង មេបញ្ជាការភូមិភាគ យោធាចារ្យ នាយទាហាន នាយទាហានរង និងសិក្ខាកាម សរុបចំនួន ៦០២នាក់។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ក្នុងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់កិច្ចគាំពារដល់សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការជម្រុញកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ហើយ សម្តេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងបន្តជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។

អាជ្ញាធរមីន រួមជាមួយសហគមន៍ម្ចាស់ជំនួយ ប្រតិបត្តិករជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ នឹងប្តេជ្ញាព្យាយាមសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់កងកម្លាំងទាំង ១១៧០នាក់ គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដោយទទួលបាននូវលទ្ធផលល្អគួរឲ្យកត់សម្គាល់ ទោះបីវគ្គហ្វឹកហ្វឺននេះមានរយពេលខ្លីក៏ដោយ។ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ កងកម្លាំងទាំងអស់នឹងត្រូវចូលទៅដល់ទីតាំងចម្ការមីនផ្ទាល់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលមានការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាចុងក្រោយ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម និងក្រុមគ្រួសារ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃខាងមុខនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ