• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៦ ព្រឹក

រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើដៃគូអភិវឌ្ឍន៍នានា ជួយអភិវឌ្ឍន៍និងដំណើរការ មន្ទីរពេទ្យ ហ្លួង ម៉ែ ឯកទេសផ្នែកជំងឺមហារីក

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍នានា ពិនិត្យលទ្ធភាពបន្ថែម ជួយក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ ដូចបណ្តាប្រទេសជឿនលឿននានា។ ការស្នើសុំរបស់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បែបនេះ នាឱកាសទទួលជួបគណៈប្រតិភូ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr Igor Veljkovikj ប្រធានក្រុមការងារវាយតម្លៃរួមគ្នារបស់ WHO-IAEA-IARC ឆ្នាំ២០២៣ លើសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូន ចំពោះគណៈប្រតិភូដែលបានឆ្លើយតបវិជ្ជមានតាមការអញ្ជើញរបស់ក្រសួងសុខាភិបាល ដើម្បីសិក្សាអំពីសមត្ថភាព និងតម្រូវ ការនៃការគ្រប់គ្រងជំងឺមហារីក នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ស្របពេលដែលវិស័យសុខាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះសេវាសុខាភិបាលផ្នែកបង្ការ និងព្យាបាលជំងឺមហារីក ដែលកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។

គួររំលឹកផងដែរថា ក្រុមការងារបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្លាប់បានអញ្ជើញមក ធ្វើការសិក្សាវាយតម្លៃអំពីសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជាម្ដងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០១៣ ហើយបានជួយកម្ពុជា ពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការព្យាបាលជំងឺមហារីក និងនុយក្លេអ៊ែរផ្នែកវេជ្ជសាស្ត្រ ព្រមទាំងបានបង្កើតមជ្ឈមណ្ឌលជាតិជំងឺមហារីក ដែលត្រូវបានសម្ពោធកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត។ ទស្សនកិច្ចសិក្សានាពេលនេះ នឹងបើកឱកាសឱ្យកម្ពុជា ពិនិត្យអំពីសមត្ថភាព និងតម្រូវការចាំបាច់របស់ខ្លួន ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកជូនប្រជាជន ឈានទៅសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ