• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៤ ល្ងាច

ឆេះរោងចក្រផលិតនំប៉័ង អេស អេហ្វ អេស អេសហ្វ៊ជអ៊ិនដាសស្ទ្រីត្រេឌីងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង និងបានបណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖នាវេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ គឺមានករណីឆេះរោងចក្រផលិតនំប៉័ង អេស អេហ្វ អេស អេសហ្វ៊ជអ៊ិនដាសស្ទ្រីត្រេឌីងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង និងបានបណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។ ដោយក្នុងនោះបានបំផ្លាញសម្ភារៈនៅក្នុងរោងចក្រអស់ទាំងស្រុង ដែលស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ក្រោយពីទទួលបានករណីអគ្គិភ័យថាឆេះរោងចក្រផលិតនំប៉័ងខាងលើ ភ្លាមៗនោះ លោកបានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញទាំងអស់ក្នុងរាជធានីភ្នំពេញ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ និងធ្វើការជួយសង្គ្រោះមនុស្សដែលបានជាប់នៅក្នុងអគាររោងចក្រមួយនេះ។

លោក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកមម្លាំងសមត្ថកិច្ចជំនាញរបស់បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៣៣ឡាន ស្មើរនឹង ៥៣២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

លោក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារៈមួយចំនួនរួមមាន៖ រថយន្តកូរ៉េ ១តោន ចំនួន ០២គ្រឿង, ម៉ូតូ ០២គ្រឿង, រោងចក្រផលិតនំចំនួន ០១អស់ទាំងស្រុង និងបានឆេះរាលដាលដល់រោងចក្រក្បែរខាងខូចខាតអស់ប្រហែល ៦០% ក្នុងនោះជាប្រភេទ ថ្មបេតុងប្រក់សង្ក័សី ដែលមានទំហំ ១២០០ម៉ែត្រការ៉េ។

លោក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយក្នុងនោះ បណ្តាលឲ្យបុរសម្នាក់ដែលជាជនជាតិចិន បានរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន សូមធ្វើការបិទប្រអប់ភ្លើងជាមុនសិន មុននឹងចាកចេញពីលំនៅដ្ឋាន។ ជាពិសេស នៅក្នុងរដូវនេះ ជារដូវប្រាំង សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ