• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៩ ព្រឹក

សូមប្រយ័ត្នល្បិចឆបោកថ្មីក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដើម្បីដាក់បញ្ចាំឬ ដាក់លក់ដី

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថាសូមបងប្អូនប្រយ័ត្ន!ជនសង្ស័យបានប្រើល្បិចបោកថ្មីៗដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដើម្បីដាក់បញ្ចាំឬដាក់លក់ដី។
នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យផ្ទាល់យ៉ាងដូច្នេះថា៖ខ្ញុំបាទឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមគោរពជម្រាបជូនសាធារណជនជ្រាបថា៖នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននាំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈនិងឆបោកទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ករណីនេះកម្លាំងជំនាញនគរបាលយុត្តិធម៌បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធនៃអចលនវត្ថុមួយកន្លែងមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ជនរងគ្រោះបានបញ្ជាក់ថាថ្មីៗនេះខ្ញុំបាទទើបតែទទួលបានព័ត៌មាននិងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថាវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្ញុំបាទត្រូវបានផ្ទេរចេញទៅឈ្មោះឈឿងច័ន្ទពិសិដ្ឋនិងឈ្មោះទុំដាឡែនទៅវិញដែលការពិតដីនេះគឺខ្ញុំបាទពុំធ្លាប់ដែលបានលក់ដូរឬធ្វើការចាត់ចែងណាមួយទៅតតីយជននៅឡើយទេ។ 

ក្រោយពីធ្វើការស៊ើបអង្កេតបថមតាមនីតិវិធីរួចមកនិងធ្វើសេចក្តីរាយការណ៍ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាធធានីភ្នំពេញក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះឈឿងពិសិដ្ឋភេទប្រុសអាយុ៤១ឆ្នាំតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៣១៧អ.យ.ក.ចុះថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២២៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ