• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

ក្នុងខែកុម្ភៈឆ្នាំ 2023 រកឃើញករណីទី 2 នៃជំងឺផ្តាសាយបក្សីលើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ÷ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបក្រុមជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាបន្ទាប់ពីមានករណីស្លាប់កុមារីម្នាក់អាយុ 11 ឆ្នាំ 6 ខែកាលពីថ្ងៃទី22ខែកុម្ភៈ ឆ្នាំ2023 ដែលរស់នៅភូមិរលីងឃុំរំចេកស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាលដោយមានកិច្ចសហការមួយអាជ្ញាធរមូលដ្ឋាននិងមន្ទីរសុខាភិបាលខេត្តព្រៃវែងរួមជាមួយដៃគូសុខាភិបាលបានចុះដល់មូលដ្ឋានជាបន្ទាន់ហើយនៅថ្ងៃទី23ខែកុម្ភ:ឆ្នាំ2023ក្រុមឆ្លើយតបបន្ទាន់នេះបានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីH5N1ចំនួន12នាក់ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណ:ដែលលទ្ធផលនៃការវិភាគបានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណ:ថាមានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់5អិន1(H5N1)1សំណាកក្នុងចំណោមវត្ថុសំណាកទាំង12ដែលកើតមានលើបុរសអាយុ 49 ឆ្នាំដែលមានទីលំនៅក្នុងភូមិរលាំង(ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីងមកឈ្មោះភូមិរលាំង)ឃុំរំចេកស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងត្រូវជាឪពុករបស់ករណីទី 1( ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី22 ខែកុម្ភៈឆ្នាំ 2023)។ ប៉ុន្តែស្ថានភាពសុខភាពបុរសនេះមិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។

នេះជាករណីទី 2 នៅក្នុងខែកុម្ភៈឆ្នាំ2023នេះបន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល 9 ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជាដែលករណីចុងក្រោយនេះគឺជាករណីទី 58ដែលបានរកឃើញនៅថ្ងៃទី 23ខែមីនាឆ្នាំ2023នេះក្នុងនោះមាន 45 ករណីកើតលើកុមារអាយុក្រោមឆ្នាំ 14ឆ្នាំនិង31ករណីក្នុងចំណោមករណីទាំង 58 ជានារី។ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ 2005 មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សីH5N1ចំនួន58ករណីមានតែ១៩ករណីទេដែលមានជីវិត។

ក្រុមឆ្លើយតបបន្ទាន់ខាងលើបាននិងកំពុងបន្តកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិនិងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្សនិងពេទ្យសត្វនិងស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតទាំងក្នុងសហគមន៍ជាបន្តទៀតនិងធ្វើយុទ្ធនាការអប់រំសុភាពប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើជាបន្តបន្ទាប់។

សាជាថ្មីម្ដងទៀតលោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទូទៅថា"ជំងឺផ្ដាសាយបក្សីH5N1នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជានិងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់និងមានភាពងាយរងគ្រោះច្រើន។ករណីវិជ្ជមានវីរុសផ្តាសាយបក្សីH5N1លើបុរសខាងលើនេះគឺជាករណីផ្តាសាយបក្សីទី58ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ 2005 ហើយនេះជាករណីទី 2 ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ2023 នេះ ។ជានិច្ចកាលកុមារតែងតែមានការលេងនិងឲ្យចំណីបសុបក្សីក្នុងស្រុកឬជួយបោសសម្អាតទ្រុងនិងប្រប្រមូលស៊ុតមាន់-ទាហើយជាងនេះទៅទៀតកុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយសារពួកគេចាត់ទុកវាដូចជាសត្វចិញ្ចឹមនិងលេងជាមួយសត្វដូច្នេះពួកគេមានភាពងាយរងគ្រោះច្រើននិងមានហានិភ័យខ្ពស់ពីព្រោះពួកគេចូលចិត្តលេងកន្លែងដែលមានបសុបក្សី។សូមរំលឹកឪពុកម្ដាយនិងអ្នកថែទាំកុមារទាំងអស់ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីសត្វទាំងនោះមានមាន់និងទាជាដើម។ឪពុកម្តាយអាណាព្យាបាលនិងអ្នកថែទាំកុមារទាំងអស់ត្រូវប្រាកដថាកុមារឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាតមុនពេលនិងក្រោយពេលបរិភោគអាហារនិងបន្ទាប់ពីប៉ះជាមួយបក្សី។ដែលអាចប្រឡាក់ដោយវីរុសដែលវីរុសនេះមិនអាចមើលឃើញដោយភ្នែកទទេនោះឡើយ។សាប៊ូលាងសម្អាតវីរុសឬមេរោគដែរ់លជាប់នៅដៃ។ប្រសិនបើពួកគេមានដង្ហើមញាប់ឬពិបាកដកដង្ហើមត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់នៅគ្រឹះស្ថានសុខាភិបាល(មណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ)ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុតហើយត្រូវប្រាប់មន្ត្រីសុខាភិបាលអំពីប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺឬងាប់។

សារអប់រំរបស់ក្រសួងសុខាភិបាលរួមមាន÷លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតមុននិងក្រោយពេលបរិភោគអាហារនិងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សីត្រូវនៅឆ្ងាយពីសត្វបក្សីដាក់សត្វបក្សីនៅឆ្ងាយពីកន្លែងរស់នៅកុំបរិភោគបក្សីឈឺឬងាប់និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគត្រូវចម្អិនឲ្យបានឆ្អិនល្អ។ត្រូវឆាប់រាយការណ៍ទៅអាជ្ញាធរសុខាភិបាលនៅនឹងកន្លែងឬក្រសួងសុខាភិបាលក្នុងករណីសង្ស័យហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីការវិវត្តនៃបញ្ហាសុខភាពតាមទំព័រ facebook និងគេហទំព័ររបស់ក្រសួងសុខាភិបាល
www.ocmoh.gov.khដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកមើលនិងប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ115 ដោយឥតគិតថ្លៃឬទំនាក់ទំនងក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ÷
012488981ឬ012836868៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ