• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៧ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៤នាក់ពាក់ព័ន្ធករណីគប់កញ្ចក់ឡាននៅខេត្តតាកែវ

ខេត្តតាកែវ៖ តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកត្រាំកក់ 1 បានឲ្យដឹងថា នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន) ប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង ១៦.១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំមានទីលំនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជនានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីរខេត្តកំពតទៅរាជនានីភ្នំពេញបណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។

ជនសង្ស័យមានទី១-ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។

ទី២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទ ប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី២០២៣ពាក់ផ្លាកលេខតាកែវ1.A B5578

ទី៣-ឈ្មោះអ៊ុន យូភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម

ទី៤-ឈ្មោះរី យ៉ានុតភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អុិចសុិនទរ័ បានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់បានសារភាពថា នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង០៥នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ