• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៨ ព្រឹក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងទីក្រុងនានាដែលត្រូវរៀបចំប្រកួតស៊ីហ្គេម ខិតខំធ្វើអនាម័យឱ្យបានល្អ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងទីក្រុងនានា ដែលត្រូវរៀបចំប្រកួតស៊ីហ្គេមឆ្នាំ២០២៣នេះ ខិតខំធ្វើអនាម័យឱ្យបានល្អ ដើម្បីមុខមាត់ប្រទេសជាតិ ។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សចំនួន ១ ៩៤៦ នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅសល់តែ ៧៤ ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម ខណៈយើងបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ មកហើយនោះ។ សម្តេចតេជោលើកឡើងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសឡាវសម្តេចបានអញ្ជើញប្រធានាធិបតីឡាវ មកចូលរួមបើកស៊ីហ្គេមនៅកម្ពុជា ហើយប្រ ធានាធិបតីឡាវបានសន្យាមកចូលរួម និងបំពេញទស្សនកិច្ចនៅកម្ពុជាតែម្តង ។

សម្តេចតេជោបានឱ្យដឹងទៀតថា ថ្មីៗនេះ សម្ដេចអញ្ជើញទៅកាន់ប្រទេសវៀតណាម ហើយសម្តេចក៏បានអញ្ជើញប្រធានាធិបតីវៀតណាមមកចូលរួមផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «សម្រាប់យើងគឺវាជាកម្មវិធីដែលយើងរង់ចាំបរយៈពេល៦៤ ឆ្នាំ រាជរដ្ឋាភិបាលនឹងចំណាយថវិការហូតដល់ ១២០ លានដុល្លារអាម៉េរិក សម្រាប់ការរៀបចំកីឡាស៊ីហ្គេមនេះ» ។ សម្ដេចតេជោបានបន្ដថា យើងត្រូវធ្វើឱ្យល្អ រឿងទទួលបានមេដាយជារឿងមួយហើយ ប៉ុន្តែរឿងធំគឺយើងជាម្ចាស់ផ្ទះត្រូវគ្រប់ គ្រងសភាពការណ៍ឱ្យបានល្អ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា មិនគ្រាន់តែបណ្ដាទីក្រុងនៃការប្រកួតនោះទេ ក៏ប៉ុន្តែទូទាំងប្រទេសគួរតែត្រូវធ្វើអនាម័យ បរិស្ថានឱ្យបានល្អព្រោះពេលវេលានោះជាពេលវេលាមកដល់មិនត្រឹមតែអ្នកកីឡាទេអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះ គេក៏អាចទៅដើរកម្សាន្តក្រៅពីកន្លែងប្រកួតបានដែរ។ ដូចនេះ ត្រូវរៀបចំខ្លួនទទួលភ្ញៀវឱ្យបានល្អ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ