• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១០ ព្រឹក

ក្រសួងកិច្ចការនារីសូមអំពាវនាវដោយទទួចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកការដោះស្រាយដោយចៀសវាងការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ

ភ្នំពេញ÷ក្រសួងកិច្ចការនារីសូមអំពាវនាវដោយទទួចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកការដោះស្រាយ ដោយចៀសវាងការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថអសុរោះអសីលធម៌ដើម្បីដោះស្រាយបញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នាពេលកន្លងទៅថ្មីៗនេះមានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសុរោះប្រាសប្រាកសុជីវធម៌និងសីលធម៌តាមបណ្ដាញទំនាក់ទំនងសង្គមដោយបុគ្គលមួយចំនួនតូចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរព្រមទាំងធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់និងការពារសិទ្ធិស្ត្រីគ្រប់រូបដោយគ្មានការរើសអើងអ្វីឡើយ។

ក្រសួងកិច្ចការនារីសូមសម្ដែងនូវការសោកស្ដាយនិងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាពនិងទង្វើទាំងឡាយណាដែលមានចរិតហិង្សាអសីលធម៌សីលធម៌ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចកថ្លៃថ្នូរនិងតម្លៃរបស់ស្ត្រីខ្មែរព្រមទាំងផ្តល់ជាគំរូមិនល្អសម្រាប់យុវជនយុវតីកុមារាកុមារីជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីនិងសសរទ្រូងរបស់ប្រទេសជាតិ។ក្រសួងកិច្ចការនារីសូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នាសូមប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធីចៀសវាងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថអសុរោះអសីលធម៌ដើម្បីដោះស្រាយបញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាថ្មីម្ដងទៀតក្រសួងកិច្ចការនារីសូមថ្លែងអំណរគុណយ៉ាងជាលជ្រៅជូនចំពោះសាធារណៈជនទាំងអស់ដែលបានសម្ដែងការមិនពេញចិត្តសំដៅរួមចំណែងការពារកិត្តិយសនិងមុខមាត់របស់ប្រទេសជាតិនិងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសនឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយសំដៅលើកកម្ពស់សីលធម៌សង្គមសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ