• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៨ ព្រឹក

ការកែលំអទីតាំងឆ្នេរលេងទឹកស្រីស ដើម្បីបិទបញ្ចប់នូវភាពអវិជ្ជមាន និងត្រៀមព្រឹត្តិការណ៍ធំៗ២

ខេត្ត​កែប៖ ក្នុងអំឡុងពេលនេះជាយុទ្ធនាការជាតិ រាប់ថយក្រោយ១០០ថ្ងៃឆ្ពោះទៅ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើមួយវិញ្ញាសារផងដែរ គឺទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង ក្នុងរយៈពេលនេះ រដ្ឋបាលខេត្តកែប កំពុងពន្លឿនក្នុងការកែលំអទីតាំងសំខាន់ៗដូចជា ដងវិថី ជាពិសេសឆ្នេរលេងទឹកស្រីសជាដើម។

ក្នុងបទសម្ភាសន៍ដែលផ្តល់អោយអ្នកសារព័ត៌មាន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា ក្នុងឆ្នាំ២០២៣ នេះ ខេត្តកែបនឹងទទួលនូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗធំចំនួន២ គឺ ស៊ីហ្គេម និង បុណ្យសមុទ្រ។ ដើម្បីអោយការប្រព្រឹត្តិទៅមានភាពល្អប្រសើរ ហើយសាកសមជាខេត្តម្ចាស់ផ្ទះ យើងបានរៀបចំការកែលំអ ឆ្នេរលេងទឹករបស់យើង ដែលជាទីតាំងកម្មវិធី ដោយកែប្រែអោយមានភាពប្រសើរឡើង និងលុបបំបាត់នូវបញ្ហាអវិជ្ជមានដែលកើតឡើងជាយូរឆ្នាំមកហើយ។

ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២៣នេះរដ្ឋបាលខេត្ត បានលើកឡើងនូវគម្រោងសំខាន់ជាច្រើន ក្នុងនោះតំបន់ឆ្នេរស្រីស និងមានការចាក់ពង្រីកឆ្នេរបន្ថែមចាប់ពីចំណុចស្រីស ដល់រូបសំណាក់ក្តាមសេះ ពង្រីកផ្លូវពយព្រះរាជដំណាក់ ហើយរូបសំណាកស្រីសធ្វើការពង្រីកនិងរំកិលចូលសមុទ្របន្ថែម។

តាមរយៈការអនុវត្តន៍បានជាបន្តបន្ទាប់នូវគម្រោងសំខាន់របស់ខេត្ត រាប់ទាំងការកែប្រែតំបន់ឆ្នេរលេងទឹកនេះអភិបាលខេត្ត បានសម្តែងការអរគុណចំពោះមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករនៅតំបន់ឆ្នេរកែប ដែលសុខចិត្តអង្គុយជជែកគ្នា រហូតដល់ការព្រមព្រៀងប្រកបដោយទំនូលខុសត្រូវខ្ពស់។ យ៉ាងណាគេរំពឹងថា តាមរយៈការអភិវឌ្ឍន៍មិនឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ការកែលំអទីតាំងសំខាន់ៗ រួមទាំងការលើកឡើងនូវគម្រោងថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងបើកទំព័រទេសចរណ៍ថ្មីរបស់ខ្លួន ក៏ដូចជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍ធំៗ រួមមាន ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម និងបុណ្យសមុទ្រលើកទី១០ ជុំទី៤ នាចុងឆ្នាំនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ