• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤១ ព្រឹក

តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាអំពាវនាវយុវវ័យត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងជំងឺអេដស៍

តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន និងការពារពីករណីឆ្លងជំងឺអេដស៍ ខណៈនៅកម្ពុជាក្នុងចំណោមយុវវ័យដែលមានអាយុពី ១៥ដល់២៤ឆ្នាំ ក្នុងនោះបុរសវ័យក្មេងមានរហូតដល់ ៤១% បានឆ្លងជំងឺអេដស៍ថ្មី និងស្រ្តីវ័យក្មេងមានរហូតដល់ ៣៧% បានឆ្លងជំងឺអេដស៍ថ្មី ។

បើតាមអង្គការសហប្រជាជាតិនៅកម្ពុជា នេះជាសមាមាត្រខ្ពស់បំផុតនៃការប៉ាន់ប្រមាណការឆ្លងថ្មីនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ដូច្នេះត្រូវប្រុងប្រយ័ត្ន និងការពារ។ របាយការណ៍នៃការឆ្លងជំងឺអេដស៍ថ្មីនៅកម្ពុជានេះ ត្រូវបានអង្គការសហប្រជាជាតិប្រចាំកម្ពុជាដកស្រង់មកពីរបាយការណ៍របស់អង្គការUNAIDS ឆ្នាំ២០២២ ខណៈអង្គការUNAIDSនេះ បានអះអាងថា នៅប្រទេសកម្ពុជា គឺជារៀងរាល់ថ្ងៃមនុស្ស ចំនួន ៣នាក់ឆ្លងនូវមេរោគអេដស៍។

ក្នុងរបាយការណ៍របស់អង្គការUNAIDS ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមយុវវ័យដែលមានអាយុពី ១៥-២៤ឆ្នាំ ជាបុរសវ័យក្មេងមានរហូតដល់ ៤១% នៃអ្នកឆ្លងថ្មីក្នុងចំណោមបុរស ហើយស្ត្រី វ័យក្មេងមានរហូតដល់ ៣៧% នៃអ្នកឆ្លងថ្មីក្នុងចំណោមស្រ្តី។ របាយការណ៍នេះ ត្រូវបានអង្គការសហប្រជាជាតិនៅកម្ពុជា ដកស្រង់យកមកបង្ហោះនៅលើទំព័រហ្វេសប៊ុក ដើម្បីដាស់តឿនពីការការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍ និងជំងឺផ្សេងទៀត គឺត្រូវប្រើប្រាស់ស្រោមអនាម័យ។

យ៉ាងណាមិញរបាយការណ៍នៃអ្នកឆ្លងជំងឺអេដស៍នៅកម្ពុជា ដែលអង្គការសហប្រជាជាតិនៅកម្ពុជា យកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវគេកត់សម្គាល់ឃើញផងដែរថា ធ្វើឡើងស្របពេល បុណ្យនៃទិវាសេចក្ដីស្រលាញ់ ១៤កុម្ភៈ ហាក់ដាស់ស្មារតីយុវវ័យនៅកម្ពុជា កុំភ្លើតភ្លើននឹងថ្ងៃនេះ ត្រូវប្រយ័ត្ន និងការពារខ្លួន កុំឲ្យឆ្លងនូវជំងឺអេដស៍។

សូម រំលឹក ថា មេរោគ អេដស៍ បាន ផ្ទុះ រីករាល ដាល នៅ កម្ពុជា ខ្លាំង នៅ ឆ្នាំ ១៩៩៨ ដែល មាន អត្រា ឆ្លង ក្នុង ១០០ នាក់ ក្នុង មួយ ថ្ងៃ ហើយ នៅ ពេល នោះ គឺ មាន អ្នក ផ្ទុក មេរោគអេដស៍ រហូត ជិត ១៧ម៉ឺននាក់។ ក្នុង រយៈ ពេល ជិត ២០ ឆ្នាំ មក នេះ ចំនួន អ្នក ផ្ទុក មេរោគ បាន ថយ ចុះ មក នៅ ត្រឹម ៥ ៧ ០០០នាក់ ដែល អត្រា អ្នក ឆ្លង មេរោគ នេះ មាន ត្រឹម ២ នាក់ក្នុង មួយ ឆ្នាំ។

ការថយចុះនៃអ្នកឆ្លងនេះ ធ្វើឲ្យអង្គការ សហ ប្រជាជាតិ បាន ចាត់ ទុក កម្ពុជា ថា ជា ប្រទេស មួយ នៅ ក្នុង ចំណោម ប្រទេស ចំនួន ៦ ផ្សេងទៀត នៅ ទូ ទាំង ពិភព លោក ដែល ទទួល ជោគជ័យ នៃ ការ សម្រេច បាន មុន ៣ ឆ្នាំ នៃ ទិសដៅប្រឆាំង មេរោគ អេដស៍ ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ