• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៣ ព្រឹក

ក្រសួងអប់រំណែនាំឲ្យលើកកម្ពស់ការសិក្សាភាសាខ្មែរនិងវប្បធម៌អរិយធម៌ខ្មែរនៅតាមសាលាឯកជនដែលអនុវត្តន៍កម្មវិធីសិក្សាអន្តរជាតិ

ភ្នំពេញ÷ក្រសួងអប់រំយុវជននិងកីឡាបង្ហាញពីការលើកកម្ពស់ការសិក្សាភាសាខ្មែរនិងវប្បធម៌អរិយធម៌ខ្មែរនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តន៍កម្មវិធីសិក្សាអន្តរជាតិ។

ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរនិងការយល់ដឹងពីវប្បធម៌និងអរិយធម៌ខ្មែរដល់សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរចាប់ពីឆ្នាំសិក្សា 2022 -2023នេះតទៅក្រសួងអប់រំយុ វជននិងកីឡាសូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តន៍កម្មវិធីសិក្សាអន្តរជាតិនៅខាងក្រោម÷

១.តម្រូវឲ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរជ្រើសរើសមុខវិជ្ជាភាសាខ្មែរជាមុខវិជ្ជាកាតព្វកិច្ច។

២.គ្រឹះស្ថានសិក្សាត្រូវរៀបចំនិងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្ដីពីវប្បធម៌និងអរិយធម៌ខ្មែរ។

៣.គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរនិងមុខវិជ្ជាវប្បធម៌និងអរិយធម៌ខ្មែរក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សាតាមការកំណត់ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែករបស់ក្រសួងអប់រំយុវជននិងកីឡា។

ទទួលសេចក្តីណែនាំនេះមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថាន សិក្សាចំណេះទូទៅឯកជនដែលអនុវត្តន៍កម្មវិធីសិក្សាអន្តរជាតិដើម្បីចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថាលោកបណ្ឌិតហ៊ុនម៉ាណែតអញ្ជើញក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មីនិងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ 2022 ដល់លោកគ្រូអ្នកគ្រូបុគ្គលិកអប់រំនៅកម្ពុជាបានមានប្រាសាសន៍ថាការអប់រំត្រូវគិតពីការបង្កើនចំណេះដឹងជំនាញប៉ុន្តែក៏មិនត្រូវភ្លេចពីការថែរក្សាអត្តសញ្ញាណជាតិដែរជាពិសេសភាសាខ្មែរវប្បធម៌ប្រពៃណីរបស់ជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ