• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៥ ល្ងាច

សមាគម ធនាគារក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្រុមផ្តល់កម្ចីក្រៅច្បាប់

ខណៈ ដែល សមាគម ធនាគារ និង អគ្គស្នងការ នគរបាល ជាតិ នឹងចាត់ វិធានការ លើ ក្រុម ផ្តល់ សេវា ហិរញ្ញវត្ថុ ក្រៅ ផ្លូវការបន្ថែម ពីនេះ សមាគម ធនាគារ និងស្ថាប័ន សមត្ថកិច្ច បាន ក្រើនរំលឹក ដល់ ប្រជាពលរដ្ឋ ឲ្យ ប្រុងប្រយ័ត្ន ទៅ ទទួល សេវា កម្ចី ពី ស្ថាប័ន ក្រៅ ផ្លូវការ ដើម្បី ចៀសវាងធ្លាក់ ចូល ទៅ ក្នុង បំណុល វណ្ឌក។

នៅក្នុង សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៧ ខែកុម្ភៈ លោក រ័ត្ន សោភ័ណ អនុប្រធាន សមាគម ធនាគារ នៅ កម្ពុជា បាន បញ្ជាក់ថា កន្លងទៅ នេះមាន ស្ថាប័ន សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ បាន ប្រើប្រាស់ រូបភាពបោកបញ្ឆោត ដើម្បី អូសទាញ អតិថិជន ដើម្បី ទទួល ប្រាក់កម្ចី។

សេវា ឥណទាន គ្មាន ច្បាប់ អនុញ្ញាត នេះ មិន ត្រឹម តែ ធ្វើ ឱ្យ សាធារណជន មានការ ភាន់ច្រឡំ ថែម ទាំង បង្ក ផលវិបាក មក លើ សេដ្ឋកិច្ច និង សង្គម ហើយ ប៉ះពាល់ ដល់ ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ ក្នុង បំណុល ច្រើន លើសលប់។

លោក បន្ត ថា សេវា ឥណទាន ក្រៅ ច្បាប់ នេះ បាន បង្កប់ ការ កេង ចំណេញ តាម រយៈការ យក អត្រាការ ប្រាក់ ខ្ពស់ ហួស ហេតុ ការ គំរាមកំហែង បំភិតបំភ័យ និង ការ អនុវត្ត កិច្ច សន្យា មិន សុចរិត ជាដើម។

លោក សុខ វឿន ប្រធាន ក្រុម ប្រឹក្សា សមាគម មីក្រូហិរញ្ញវត្ថុ កម្ពុជា បាន ថ្លែង បញ្ជាក់ ក្នុង សន្និសីទ ថា ក្រុម ផ្តល់ កម្ចី ក្រៅ ច្បាប់ ច្រើន តែ ប្រើប្រាស់ រូបភាព បោក បញ្ឆោត ជា ឆ្នាក់ ដើម្បី អូស ទាញ ដល់ អតិថិជន។ ជាក់ស្ដែង ក្រុម នេះ តែងតែ ប្រើប្រាស់ បណ្តាញអនឡាញ ការ ខល ទៅ អតិថិជនលើការ ផ្តល់ សេវាកម្ចី ដោយ ភ្ជាប់ លក្ខខណ្ឌ ងាយៗ មិន បាច់ មាន ទ្រព្យ បញ្ចាំ។

លោកថា ក្រុម ខិលខូច នេះ បានផ្សព្វផ្សាយយ៉ាងបើកចំហតាមរូបភាពផ្សេងៗដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។

បើ តាម លោក សុខ វឿន រូបភាព កម្ចី ពី បែបនេះ គ្រោះថ្នាក់ ណាស់ ដោយសារការ យក ការប្រាក់ ខ្ពស់ ហួសហេតុ និង រហូត ដល់ មាន ការ គំរាមកំហែង ក៏ មាន។

លោក បន្ត ថា ស្ថាប័ន ហិរញ្ញវត្ថុទាំងនេះភាគច្រើន មិន មាន អាជ្ញាប័ណ្ណ ពី ធនាគារ ជាតិ ទេ។ លោក បន្ត ក្រើន រំលឹក ឲ្យ ពលរដ្ឋ ត្រូវ ប្រុង ប្រយ័ត្ន មុន ទៅ រក សេវា កម្ចី ពី ស្ថាប័ន ក្រៅ ផ្លូវការ ណាមួយដើម្បី ចៀសវាងមាន ហានិភ័យ ខ្ពស់ ហើយ ពុំ ទទួល បាន ការ ការពារ ដោយ ច្បាប់។

ថ្មីៗ នេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ចេញ សេចក្តីថ្លែងការរួម ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថាន ទាំងនេះត្រូវបានការពារដោយច្បាប់។

គួរឲ្យដឹងថា កន្លងទៅថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ