• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៦ ព្រឹក

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣

ខេត្តតាកែវ៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកគិរីវង់ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ 

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៥០នាទី មានករណីឃាតកម្មមួយករណី កើតឡើងនៅលើបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង បង្កឡើងដោយជនសង្ស័យមួយក្រុម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនសង្ស័យជិះម៉ូតូ ៣គ្រឿង គ្នា០៦នាក់ ក្រោយកើតហេតុបានជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ស្រុកគិរីវង់ និងបណ្តាស្រុកពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យមួយនាក់មានឈ្មោះ ផែន រ៉ាឌី អាយុ ១៦ឆ្នាំ មុខរបបសិល្បៈ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ក្រោយធ្វើការសាកសួរ ទើបនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចស្រុកទ្រាំង បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ បន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ទៀត ក្នុងនោះរួមមាន ៖

១/ ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបបរ សិស្ស ជា ជនដៃដល់ កាប់ជនរងគ្រោះ (ម្ចាស់ដាវ និងកាំបិត)។

២/ ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអណ្ដូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ មុខរបបរសិស្ស ម្ចាស់ម៉ូតូដឹកជនសង្ស័យដៃដល់កាប់ជនរងគ្រោះ។

៣/ ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ សិស្ស (ម្ចាស់កាំបិតក្រង៉ុក និងម៉ូតូខ្ចីគេជិះ ធ្វើសកម្មភាព) ។ តាមចម្លើយរបស់ជនសង្ស័យ បានបញ្ជាក់ថា ក្រុមជនល្មើស មិនមានគំនុំអ្វីជាមួយជនរងគ្រោះនោះទេ ប៉ុន្តែរូបគេនិងគូរកន មានរឿងមកពីកន្លែង ផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេនិងបក្ខពួកក៏បានកាប់សំដៅមកលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី និងបន្តស្វែងរកបក្សពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ