• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៧ ព្រឹក

សម្តេចក្រឡាហោម ស ខេង ប្រាប់អាជ្ញាធរពាក់ព័ន្ធពិនិត្យយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់ និងបិទជាបន្ទាន់រាល់យាន្តដ្ឋានគ្មានវិជ្ជាជីវៈ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត និងបិទជាបន្ទាន់រាល់យាន្តដ្ឋានគ្មានវិជ្ជាជីវៈ គ្មានសមត្ថភាព និងគ្មានជំនាញពិតប្រាកដ ដែលជាហេតុនាំឱ្យការជួសជុលរថយន្តមានបញ្ហាគ្រោះថ្នាក់នៅពេលបើកបរនៅលើដងផ្លូវ ដូចជា របូតកង់ជាដើម។

សម្តេចក្រឡាហោម ស ខេង បានណែនាំទៅអាជ្ញាធរដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសនោះ សម្តេចក៏បានប្រាប់ឱ្យស្នងការនគរបាលរាជធានី-ខេត្ត តាមរយៈនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវចាប់ផ្តើមធ្វើការត្រួតពិនិត្យយាន្តយន្តដែលមិនទាន់បានទៅធ្វើការពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្ត(ឆៀក) ដើម្បីធ្វើការផាកពិន័យតាមច្បាប់។ ប៉ុន្តែកុំដាក់កម្លាំងសមត្ថកិច្ចឆ្មក់ត្រួតពិនិត្យឆៀកបច្ចេកទេសរថយន្តនៅតាមដងផ្លូវក្លាយទៅជាកុងត្រូលជជុះ។

សូមបញ្ជាក់ថា ការដាក់បញ្ជាឱ្យកម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត ត្រួតពិនិត្យរថយន្តដែលមិនទាន់បានទៅធ្វើការពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្ត(ឆៀក) ក្រោយរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា នៅមានរថយន្តប្រមាណជាង ១៧ម៉ឺនគ្រឿង ដែលធ្វើចរាចរណ៍នៅតាមដងផ្លូវហួសសុពលភាព និងមិនទាន់បានធ្វើការពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្ត(ឆៀក) នៅឡើយទេ។

យោងតាមរបាយការណ៍ពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២៩៧៦ករណី បណ្ដាលឲ្យស្លាប់ចំនួន ១៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ ចំពោះមូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងងងុយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ