• ច័ន្ទ ២៩ មេសា ២០២៤ ១១:១១ ព្រឹក

ក្រសួងសុខាភិបាលចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេសនិងគ្មានការអនុញ្ញាត្តពីក្រសួងសុខាភិបាល

ភ្នំពេញ÷ក្រសួងសុខាភិបាលសំណើចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេសនិងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់រង់ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលសូមជម្រាបជូនលោកលោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តជ្រាបថា  មួយរយៈកាលកន្លងមកក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្តីណែនាំជាច្រើនលើកច្រើនសារួចមកហើយ ដោយមិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះខុសច្បាប់និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវដោយមូលហេតុថា  រថយន្តសង្គ្រោះទាំងនោះពុំមានគ្រូពេទ្យជំនាញនិងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវគ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែងទាំងការលើកដាក់និងការបញ្ជូនជនរងគ្រោះ។

ក្នុងន័យនេះ សូមលោកលោកស្រីធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ  ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។

ជាមួយគ្នានេះក្រសួងសុខាភិបាលសូមលោកលោកស្រីណែនាំក្រើនរម្លឹកឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី - ខេត្តពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណ:នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ អាស្រ័យហេតុនេះសូមលោកលោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចាត់វិធានការណែនាំខាងលើឲ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ