• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់សេរីភាពខាងជំនឿសាសនា ដល់ប្រជាជនទូទៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់សេរីភាព ខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់និកាយសាសនា។

ការថ្លែងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្ត សាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងរាល់ទង្វើរើសអើង ការបែងចែងក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «កម្ពុជា កាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពល រដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ នេះមិនត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ផងដែរ ដែលបណ្ដាលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់សាសនា»។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់គ្រឹស្ថបរិស័ទនៅកម្ពុជាទាំងអស់ ដែលបានចូលរួមការពារនូវសន្តិភាព និងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំ ឲ្យអ្នកនេះ ជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ»៕  

អត្ថបទពេញនិយម

ពត៍មានថ្មីៗ