• ច័ន្ទ ២៩ មេសា ២០២៤ ១១:០០ ព្រឹក

កម្ពុជា និងស្វីស ពិភាក្សាលើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ១៩ខែមករា នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤លានដុល្លាអាមេរិក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ជាការឆ្លើយតប លោកស្រី Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាន និងកំពុងគាំទ្រកម្ពុជា ក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រី បានកោតសរសើរពីការជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។

បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន ៣ ជាមួយប្រទេសចំនួន ១៥ រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរទៀត គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីឆ្នាំ ២០២២។ ក្រៅពីនេះ ក៏កំពុងចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលរំពឹងថា នឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅ ខែមីនា ឆ្នាំ ២០២៣នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ