• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៣ ល្ងាច

សម្ដេចតេជោ÷"សូមកុំភ្លេចនៅថ្ងៃទី 25 នឹងចាប់ផ្ដើមធ្វើឲ្យមានចលនាជាតិមួយរាប់ថយក្រោយ 25 គឺស្រែកថា 100 ថ្ងៃដល់ទៅថ្ងៃទី 26 ស្រែកថា 99 ថ្ងៃដល់ទៅថ្ងៃទី 27 ស្រែកថា 98 ថ្ងៃរាប់ថយក្រោយ"

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា÷ថ្ងៃទី 25 ខែមករាគឺជាថ្ងៃធ្វើយុទ្ធនាការរាប់ថយក្រោយការប្រកួតស៊ីហ្គេម។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានរម្លឹកថានៅថ្ងៃទី 25 ខែមករាឆ្នាំ 2023 នេះគឺជាយុទ្ធនាការរាប់ថយក្រោយនៃការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សម្តេចថាការប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះគឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយរង់ចាំធ្វើជាម្ចាស់ផ្ទះអស់ជាច្រើនទសវត្សរ៍។

សម្ដេចតេជោហ៊ុនសែនថ្លែងបែបនេះនៅព្រឹកថ្ងៃទី 23 ខែមករាឆ្នាំ 2023 ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)ជិត7ពាន់នាក់ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៍អន្តរជាតិជ្រោយចង្វារOCICរាជធានីភ្នំពេញ។

សម្ដេចតេជោហ៊ុនសែនថ្លែងបន្តថាជាមោទនភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ដ៏ធំក្នុងការប្រកួតស៊ីហ្គេមដោយគិតរាប់ថយក្រោយ 100 ថ្ងៃដែលមានកីឡាកររាប់ពាន់នាក់មកពីបណ្ដាប្រទេសនានាក្នុងនោះក៏មានកម្ពុជាផងដែរ។

សម្ដេចតេជោបានថ្លែងថា÷"សូមកុំភ្លេចនៅថ្ងៃទី 25 នឹងចាប់ផ្ដើមធ្វើឲ្យមានចលនាជាតិមួយរាប់ថយក្រោយ25 គឺស្រែកថា 100 ថ្ងៃដល់ទៅថ្ងៃទី 26 ស្រែកថា 99 ថ្ងៃដល់ទៅថ្ងៃទី 27ស្រែកថា98 ថ្ងៃរាប់ថយក្រោយ"។

សម្ដេចតេជោបានលើកឡើងថាកម្ពុជានឹងខិតខំរៀបចំការប្រកួតស៊ីហ្គេមនិងការប្រកួតអាស៊ានប៉ារ៉ាហ្គេម(ជនមានពិការភាព)ដែលនឹងធ្វើឡើងនៅខែឧសភានិងខែមិថុនាឆ្នាំ 2023 ខាងមុខនេះប្រកបដោយសុវត្ថិភាពនិងផ្ដល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម។

សម្ដេចបានថ្លែងថា÷"មិនមែនគ្រាន់តែឈ្នះមេដាយទេតែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវផ្ដល់សុវត្ថិភាពដល់កីឡាកីឡាការិនីនិងអ្នកដឹកនាំមកពីបណ្ដាប្រទេសនានាផ្ដល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា"។

សម្ដេចបានគូសបញ្ជាក់ថាព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់នឹងយាងទៅប្រទាន"ព្រះអគ្គកីឡា"នៅប្រាសាទអង្គរវត្តនាថ្ងៃទី 21 ខែមីនាឆ្នាំ 2023 ខាងមុខនេះ។

បើតាមសម្ដេចតេជោកម្ពុជាបានត្រៀមថវិកាជាង 100 លានដុល្លារក្នុងការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ