• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

សម្ដេចតេជោ ហ៊ុន សែន ប្រកាសគម្រោងផ្ដល់ការបង្រៀនជំនាញវិជ្ជាជីវៈមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នេះ បានប្រកាសពីគម្រោងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ នៅទូរទាំងប្រទេសប្រមាណ ១.៥ លាននាក់ ក្នុងមួយឆ្នាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមករានេះថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានសេចក្ដីថា យើងនឹងរាប់រក សម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត ធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស។ បើយើងដោះស្រាយក្នុងរង្វង់ ១.៥ លាននាក់នេះ ខ្ញុំគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ ធនធានមនុស្សដែលម្រើការ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានច្រើន ដូច្នេះ! ១.៥ លាន នាក់ ដែលត្រូវបណ្ដុះបណ្ដាល ក្នុងមួយឆ្នាំ នៅពេលខាងមុខផ្ដល់ ឱ្យពួកគេនូវជំនាញ ដែលទទួលបាន នូវការវិនិយោគពីខាងក្រៅ កាន់តែច្រើន ខណៈតម្រូវការមិនមែនត្រឹមតែកម្លាំងទេគឺទាមទារបច្ចេកទេសផងដែរ។

បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជាមានសក្ដានុពលដោយមានមនុស្សវ័យក្មេងច្រើន ខណៈសមត្ថភាពនៅមានកម្រិត ដូច្នេះហើយ បានជាខ្ញុំដាក់ឱ្យគណៈកមា្មធិការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ លទ្ធភាពនៃការដែលយើង ជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រ ទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់បន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងត្រូវប្រមើលមើល នៃការអភិវឌ្ឍរបស់ប្រទេស ដំណាក់កាល នៃឧស្សាហកម្ម ៤.០ ឬសេដ្ឋកិច្ចឌីជីថល ទាមទារឱ្យមានការខិតខំទាំងអស់គ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ