• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៦ ព្រឹក

ក្រសួងមហាផ្ទៃក្រសួងយុត្តិធម៌កំពុងសិក្សាគម្រោងទោសសហគមន៍ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ÷តាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានបញ្ជាក់ថាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថាក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌កំពុងធ្វើការសិក្សាគម្រោងអនុវត្តន៍ទោសសហគមន៍ដោយមានចែងក្នុងច្បាប់ព្រហ្មទណ្ឌដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាថ្ងៃទី 20 ខែមករាឆ្នាំ 2023 សម្ដេចក្រឡាហោមសខេងបានពន្យល់ថាក្រោយតុលាការកាត់ទោសរួចត្រូវបញ្ជូនជនល្មើសទៅផ្ទះសម្បែងពួកគាត់វិញប៉ុន្តែជនល្មើសត្រូវបំពេញកាតព្វកិច្ចជាអ្នកទោសដោយអនុវត្តន៍តាមផ្លូវច្បាប់។សម្តេចឧទាហរណ៍ថាទោសសហគមន៍នេះគឺឱ្យអ្នកទោសទៅបោសសំរាមនិងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួនដោយគ្មានប្រាក់កម្រៃឡើយ។

សម្ដេចក្រឡាហោមបន្តថាការអនុវត្តទោសសហគមន៍បែបនេះគឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះដើម្បីធ្វើយ៉ាងណាដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។សម្ដេចបន្ថែមថាក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌នឹងធ្វើការសិក្សាចំពោះទោសសហគមន៍នេះឲ្យបានម៉ត់ចត់បំផុតមុននឹងអនុវត្តគម្រោងទាំងនេះធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពផងដែរ។

សម្ដេចក្រឡាហោមសខេងមានប្រសាសន៍បញ្ជាក់ថា"នាពេលខាងមុខនេះយើងក៏កំពុងជំរុញជាពិសេសក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ទាក់ទងទៅនឹងគម្រោងអនុវត្តន៍ទោសសហគមន៍ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើងដើម្បីចៀសវាងនិងដោះស្រាយចង្អៀតណែនក្នុងពន្ធនាគារអញ្ចឹងទោសកម្រិតស្រាលអាហ្នឹងយើងនឹងខិតខំអនុវត្តន៍គម្រោងទោសសហគមន៍។

ឆ្លៀតឱកាសនោះដែរសម្ដេចឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋានត្រូវខិតខំបង្កើនកម្លាំងប្រជាការពារភូមិដើម្បីជាកម្លាំងជំនួយដល់ប៉ុស្តិ៍រដ្ឋបាលទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏ត្រូវមានការគាំទ្រដល់កម្លាំងប្រជាការពារនិងកម្លាំងប៉ុស្តិ៍នគរបាលទើបទទួលបានជោគជ័យក្នុងការកសាងសន្តិសុខនៅតាមមូលដ្ឋានរបស់ខ្លួន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ